ហាងមាសពេជ្រនៅភ្នំពេញប្រកាសឈប់ទិញគ្រឿងពីហាងដទៃ អតិថិជនខាតបង់

ភ្នំពេញ:​ ហាងទិញ-លក់ គ្រឿងអលង្ការកាន់តែច្រើននៅរាជធានីភ្នំពេញប្រកាសមិនទទួលទិញគ្រឿងមាសពេជ្រ ផ្លាកទីន ពីពលរដ្ឋ ឬអតិថិជនដែលទិញក្រៅពីហាងខ្លួន ។ពោលគឺ ពួកគេទិញយកវិញតែចំពោះគ្រឿងណាដែលភ្ញៀវទិញពីហាងរបស់ពួកគេប៉ុណ្ណោះ។
ហាងមាសពេជ្រ ទីមង្គល ជាហាងធំមួយនៅកណ្តាលក្រុងភ្នំពេញ។ ថ្មីៗនេះ ហាងនេះប្រកាសជាសាធារណៈឈប់ទទួលទិញគ្រឿងមាស ផ្លាកទីន ដែលអតិថិជនទិញពីហាងដទៃ។ លោក ទី មង្គល ជាម្ចាស់ហាងបានប្រាប់ទូរទស្សន៍អប្សរាថា ពីមុនលោកទិញចូលធម្មតា តែពេលនេះលោកឈប់ទទួលទិញដោយសារពិបាកក្នុងការផ្តល់តម្លៃ និងមិនអាចតម្រូវចិត្តអតិថិជនបាន។

ខុសពី ហាង ទីមង្គល ហាងលក់មាសពេជ្រ បុប្ឋាគន្ធ ដ៏ល្បីល្បាញដែលមានបីទីតាំងនៅរាជធានីភ្នំពេញ ម្ចាស់ហាងបានប្រាប់ទូរទស្សន៍អប្សរាថា ពួកគេមិនទទួលទិញដោយសារបញ្ហាគុណភាព។

ក្រៅពីហាងទំាងពីរខាងលើ នៅមានហាងមាសពេជ្រច្រើនផ្សេងទៀតដែលធ្វើបែបនេះដូចគ្នា ដែលខុសពីពេលមុន អតិថិជនអាចទិញលក់គ្រឿងមាសពេជ្រនៅហាងណាក៏បាន គ្រាន់តែថា បើលក់នៅហាងផ្សេងពីហាងដែលបានទិញ ពួកគេខាតច្រើនជាងបន្តិច។ ប៉ុន្តែ ការទិញលក់បានប្រែប្រួល ក្រោយពីហាងគ្រឿងអលង្កាមួយចំនួនតូចបានដួលរលំ និងខ្លះក្នុងរូបភាពបោកប្រាស់លក់ពេជ្រក្លែងបន្លំ។ ជាក់ស្តែង កាលពីឆ្នាំមុន ផ្ទុះការតវ៉ាស្វែងរកយុត្តិធម៌ក្រោយពេលហាងពេជ្រខ្លះបានក្ស័យធន គ្មានប្រាក់ទិញគ្រឿងចូលវិញ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា នេះជាការខាត់បង់សម្រាប់ពលរដ្ឋជាអតិថិជន ប៉ុន្តែ មិនមានផលប៉ះពាល់ទៅលើសេដ្ឋកិច្ចជាតិ ឬប៉ះខ្លាំងលើវិស័យគ្រឿងអលង្ការទេ។ លោកថា បញ្ហានេះកើតមាននៅពេលតម្រូវការធ្លាក់ចុះ ដែលនាំឱ្យអាជីវកម្មប្រឈមការបិទទ្វារ៕


ដោយ:ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner