ប្រាំរោងចក្របិទទ្វារ ក្នុងបីខែដើមឆ្នាំ
ភ្នំពេញ: មានរោងចក្រចំនួនប្រាំបានបិទទ្វារ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៤នេះ ស្របពេលដែលការបង្កើតថ្មីមានចំនួនជាង ៤០រោងចក្រ ។ ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ទូរទស្សន៍អប្សរាដូច្នេះនៅថ្ងៃអង្គារនេះ។ ប៉ុន្តែ មន្រ្តីជាន់ខ្ពស់រូបនេះ មិនទាន់បានបញ្ជាក់ពីចំនួនដែលកម្មករ កម្មការិនី បាត់បង់ការងារ និងឈ្មោះរោងចក្រដែលបិទទ្វារនៅឡើយ។
ទោះយ៉ាងណា ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈបានប្រាប់ទូរទស្សនអប្សរាថា ដំណោះស្រាយករណីរោងចក្របិទទ្វារ ក្រសួងត្រូវអនុវត្តច្បាប់ការងារ ដើម្បីធានាប្រាក់ឈ្នួល ប្រាក់ដំណាច់ និងអត្ថប្រយោជន៍ជូនកម្មករ និយោជិត។
កាលពីឆ្នាំ២០២៣ មានរោងចក្រជិត១០០ បានបិទទ្វារ ហើយថ្មីៗនេះ ក៏មានការផ្ទុះការតវ៉ាពីការបិទរោងចក្រដោយគ្មានសំណង តែក្រោយមកត្រូវបានអន្តរាគមន៍ដោះស្រាយដោយក្រសួងការងារ។ គិតត្រឹមខែមេសាឆ្នាំ ២០២៤ រោងចក្រចំនួន២១០០ កំពុងដំណើរការនៅទូទាំងប្រទេស និងមានកម្មករកំពុងធ្វើការចំនួនជាង ១,៥លាននាក់។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន និយាយថា ទោះមានរោងចក្របិទខ្លះ តែនៅតែជាសញ្ញាល្អដែលមានរោងចក្របន្តបើកថ្មី។ ប្រទេសចិននៅតែនាំមុខគេដែលកាន់កាប់រោងចក្រច្រើនជាងគេនៅស្រុកខ្មែរ ប្រហែល៥០ភាគរយនៃរោងចក្រសរុប។ ហុងកុង កូរ៉េខាងត្បូង ជប៉ុន ថៃ វៀតណាម និងអាមេរិក តាមពីក្រោយ៕
ដោយៈទួន សុផល