អាស៊ីដស៊ុលផួរិច៣០តោនក្រឡាប់ចូលទន្លេមេគង្គ៖ កម្ពុជាស្នើតាមដានដើម្បីបញ្ចៀសគ្រោះថ្នាក់
ភ្នំពេញ:អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឬហៅកាត់ថា CNMC បានស្នើឲ្យលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គដែលមានមូលដ្ឋាននៅក្រុងវៀងច័ន្ទន៍ និងរដ្ឋាភិបាលឡាវ ត្រូវបន្តពិនិត្យតាមដានដោយមានការយកចិត្តទុកដាក់បំផុត ចំពោះអាស៊ីដស៊ុលផួរិចប្រមាណ៣០តោន ដែលបានក្រឡាប់ហូរចាក់ចូលដៃទន្លេមេគង្គ ដែលស្ថិតនៅក្នុងដែនទឹករបស់ឡាវ។
ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ CNMC បានប្រាប់ទូរទស្សអប្សរាថ្ងៃអង្គារ៍នេះថា គណៈកម្មការទន្លេមេគង្គ និងភាគីឡាវត្រូវផ្តល់ដំណឹងមកប្រទេសជាសមាជិកជាបន្ទាន់ និងឲ្យបានទាន់ពេលវេលា ក្នុងករណីមានផលប៉ះពាល់មកលើគុណភាពទឹកទន្លេមេគង្គនៅប៉ែកខាងក្រោម ដែលរួមមានកម្ពុជាផងដែរ។ ឯកឧត្តមថា វាអាចប៉ះពាល់ដល់សុខភាពមនុស្សដែលប្រើទឹកទន្លេផ្ទាល់ និងសុខភាពអេកូឡូស៊ីទន្លេមេគង្គផងដែរ។
ឧបទ្ទវហេតុក្រឡាប់រថយន្តដឹកអាស៊ីដស៊ុលផួរិចនេះកើតឡើងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ អាស៊ីតទាំងអស់ហូរចាក់ចូលក្នុងស្ទឹង ណាម ខាន់ ដែលជាដៃទន្លេមេគង្គ ស្ថិតក្នុងក្រុងហ្លួងប្រាបាង ប្រទេសឡាវ ដែលមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវប្រមាណ ១ ៣០០គីឡូម៉ែត្រ។
តាមសេចក្តីប្រកាសរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ចេញផ្សាយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា អាស៊ីដស៊ុលផួរិចមួយចំនួនធំបានហូរបន្តទៅផ្នែកខាងលើនៃក្រុងប៉ាក់សេ និងរដ្ឋធានីវៀងចន្ទន៍។ ចំណែកផ្នែកខាងក្រោម អាចនឹងហូរបន្តពីទីក្រុងហ្លួងប្រាបាង ចូលទៅលើដងទន្លេមេគង្គតែម្តង ដែលមានចម្ងាយជាង ១០០គម ពីទំនប់វារីអគ្គិសនី សាយ៉ាបូរី ប្រទេសថៃ និងស្ថានីយស្ទឹងត្រែងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ ស្ថាប័នពាក់ព័ន្ធរបស់ឡាវបានចាត់វិធានការទាន់ពេលវេលា និងបានធ្វើតេស្តគុណភាពទឹកដែលបញ្ជាក់ថា ពុំមានផលប៉ះពាល់ដល់គុណភាពនៃស្ទឹងណាម ខាន់ និងទន្លេមេគង្គនោះទេ ប៉ុន្តែ នឹងបន្តតាមដាន។
ជាមួយគ្នានេះពុំមានព័ត៌មានថា រថយន្តនោះដឹកអាស៊ីតដ៏គ្រោះថ្នាក់នេះទៅណា និងដើម្បីអ្វីនោះទេ។ អាស៊ីដស៊ុលផួរិច ឬSulfuric acid ត្រូវគេដឹងថា សាធាតុគីមីម្យ៉ាងដែលត្រូវបាន គេ ប្រើ ដើម្បី ផលិត គ្រឿង ផ្ទុះ និងជាតិ អាស៊ីដផ្សេងៗ ទៀត ដូចជាថ្នាំ ជ្រលក់ កាវ សារធាតុ ថែរក្សា ឈើ និង អាគុយ រថយន្តជាដើម។ វាអាចបង្កផលប៉ះពាល់ដល់ សុខភាពមនុស្ស សត្វ និងជីវចម្រុះធ្ងន់ធ្ងរ៕
ដោយ:ឡុង គីមម៉ារីតា