កែប្រែសេវាសុរិយោដី និងសំណង់ទៅជាឌីជីថល លឿន និងគ្មានសំណូក

 
ភ្នំពេញៈចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋ ក្រុមហ៊ុន និងគ្រប់ស្ថាប័នទាំងអស់នៅទូទាំងប្រទេសអាចស្វែងរកព័ត៌មាន និងស្នើសុំសេវាសុរិយោដី និងសំណង់ នៅតាមប្រព័ន្ធឌីជីថល បានគ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង ដោយមិនបាច់បារម្ភពីការសូកប៉ាន់ដើម្បីដោះដូរនឹងសេវាកម្មឡើយ។

សេវាថ្មីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទើបដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃអង្គារនេះ រួមបញ្ចូលទាំងការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មសាង់សង់ អាជ្ញាបណ្ណសិក្សាគម្រោងប្លង់ ត្រួតពិនិត្យ និងបញ្ជាក់ការសាងសង់ និងការផ្តល់ទិន្និ័យវាស់វែងតាមរយៈផ្កាយរណប ជាដើម។ សេវាទាំងនេះសុទ្ធតែអាចស្នើបានតាមអនឡាយដោយមិនចំបាច់ទៅក្រសួងផ្ទាល់។ លើសពីនេះ តម្លៃសម្រាប់សេវាកម្មនីមួយៗ គឺមានបញ្ជាក់ច្បាស់នៅលើគេហទំព័រ ដែលនឹងបញ្ចៀសសេវាក្រៅផ្លូវការ ឬអំពើពុករលួយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានហៅ សេវាសាធារណៈតាមប្រព័ន្ធឌីជីថលនេះថា សេវាគាប់ចិត្ត។ គាប់ចិត្តដោយសារតែលឿន រហ័ស និងចំណេញពេលដោយ មិនចាំបាច់មកច្រកចេញ-ចូលរបស់ក្រសួងឡើយ។

កាលពីឆ្នាំ ២០២៣កន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ដំណើរការសេវាត្រួតពិនិត្យព័ត៌មានសុរិយោដីតាមអនឡាញ និងសេវាផ្ដល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបដោយអាជីវកម្មសាងសង់ រួចមកហើយ។ នៅក្នុងឆ្នាំ ២០២៥ ប្រជាជន និងស្ថាប័ននឹងអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ បើកនិងបិទការដ្ឋាន រុះរើ និងជួសជុល ជាដើមតាមប្រព័ន្ធអនឡាញដែរ។
ការស្នើសុំអាចធ្វើបានតាមរយៈគេហទំព័ររបស់ក្រសួង ឬAPP Camdigikey និងថ្នាលផ CamDX របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការផ្លាស់ប្តូរនេះទទួលបានការគាំទ្រពីវិស័យឯកជន។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា ប្រព័ន្ធដ៏ទំនើបនេះ នឹងចូលរួមលើកកម្ពស់វិស័យមីក្រូហិរញ្ញវត្ថុ និងសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាជន កម្ពុជាទាំងអស់ តាមរយៈការជួយដោះស្រាយបញ្ហាប្រឈមដែលសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជួបប្រទះ ជាពិសេសក្នុងការផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី។ លើសពីនេះទៀត ប្រព័ន្ធនេះ នឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការឥណទាន ប្រកបដោយទំនុកចិត្តដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។

ក្នុងឆ្នាំ ២០២៣កន្លងទៅនេះ ចំណូលសរុបពីសេវាសាធារណក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានជាង ១៤៦លានដុល្លារ។ ក្នុងនោះ ចំណូលពន្ធលើការផ្ទេរអចលនទ្រព្យមានប្រមាណ ១០០លានដុល្លារ ប្រហែលនឹង ៧១ភាគរយ។ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីនិងសំណង់បានអះអាងថា ថវិកានេះជួយលើកកម្ពស់គុណភាពសេវាសាធារណៈ បង្កើនចំណូលពន្ធរដ្ឋ និងបង្កើនទំនុកចិត្តពីប្រជាជន៕


ដោយ:ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner