គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកកិច្ចប្រជុំ លើការពង្រឹង សន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
(ភ្នំពេញ)៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាកិច្ចការអាទិភាព ។ ដូចនេះ គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកំលាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់លើការល្បាតត្រួតពិនិត្យអាវុធ ជាតិផ្ទុះ ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានការប្រុងប្រយត្ន័ និងបង្ការគ្រោះអគ្គិភ័យ ជាដើម ។
នេះគឺជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាថ្មី នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ មេសា ដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យធ្វើការរួមគ្នាដោយបែងចែកកម្លាំងល្បាតទាំងថ្ងៃទាំងយប់ដើម្បីធានាថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះប្រព្រឹត្តទៅប្រកបដោយភាព សប្បាយរីករាយឈានទៅដណ្តើមយកជ័យលាភីលើការរៀបចំសង្គ្រាន្តបានល្អ និងមានសណ្តាប់ធ្នាប់ល្អ ។
សូមបញ្ជាក់ថា ៖ ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី និងសង្រ្គាន្តវត្តភ្នំ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំតុបតែងលំអ អំពូលភ្លើងចម្រុះពណ៌ ទង់ជ្វាលា កន្លែងលេងល្បែងប្រជាប្រិយ៍ មានទាញព្រាត់ ចោលឈូង បោះអង្គុញ លាក់កន្សែងជាដើម ។ នេះជាឆ្នាំទី១ អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលកម្ពុជា ទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្ត ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ