នាយករដ្ឋមន្ត្រី ណែនាំឱ្យមានកិច្ចសហការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹក និងការទន្ទ្រានយកដី នៅជុំវិញបឹងទន្លេសាប

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងធនធានទឹក បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹក និងការទន្ទ្រានយកដី នៅជុំវិញបឹងទន្លេសាប ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានណែរនាំដូច្នេះក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នារសៀលថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៤ ។

សម្តេចធិបតី បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសបិទសន្និបាត ក្រសួងកសិកម្ម រហូតមកដល់ពេលនេះ មានរយៈពេល៧២ថ្ងៃគត់ ក្រុមការងារចម្រុះបាន ចុះ ធ្វើការងារជាបន្តបន្ទាប់ ទី១-ដោយបានផ្ទៀងផ្ទាល់ទិន្នន័យពាក់ព័ន្ធតំបន់បឹងទន្លេសាប ហើយបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីឡើងវិញ ដើម្បីកំណត់ឱ្យច្បាស់អំពីតំបន់១ តំបន់២ និងតំបន់៣, ទី២ បានរៀបចំបោះបង្គោល ដោយខ្ញុំបានអនុម័តថវិកា៤លានដុល្លារ ដើម្បី ជាជំហានមួយក្នុងការបង្គោល ឥឡូវចាប់ផ្តើមបោះបណ្តើរៗ ហើយយើងសហការ ចុះបញ្ជីនៅតំបន់ទន្លេសាបឱ្យបានឆាប់ ។

សម្តេចថា ពេលជាមួយគ្នានេះ ការចុះកំណត់ឱ្យច្បាស់អំពីតំបន់១ តំបន់២ និងតំបន់៣ នៃបឹងទន្លេសាបនេះ ក្រសួងស្ថាប័នជំនាញ និងអាជ្ញាធរខេត្តជុំវិញទន្លេសាប ក៏បានចាត់វិធានការទប់ស្កាត់នូវការទន្ទ្រានផ្សេងៗ ដែលថ្មីៗនេះក៏មានការចាប់ខ្លួនមន្ត្រី និងឈ្មួញមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំងផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាថែរក្សាបឹងទន្លេសាប ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនរាប់លាននាក់ នៅទូទាំងប្រទេស។ សម្តេចសង្កត់ធ្ងន់ថា កិច្ចការការពារដីអភិរក្សបឹងទន្លេសាប ត្រូវតែបន្តធ្វើដោយគ្មានដកថយឡើយ។

ក្នុងឱកាសនេះ សម្តេចធិបតី បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ត្រី ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមក្នុងការអភិរក្ស បឹងទន្លេសាប ដោយទទួលបានលទ្ធផលល្អ ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រសួងស្ថាប័ន្ធពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹក ក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីតំបន់១ តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប និងធ្វើការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់ រាល់ការ ទន្ទ្រានកាន់កាប់ដីក្នុងអាងស្តុកទឹក, ដីព្រៃលិចទឹក, ការចាក់ដី និងថ្មចូលក្នុងទន្លេ ស្ទឹង អូរ និង បឹងបួរ នៅទូទាំងប្រទេស ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner