សម្តេចធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារ ក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក្រសួងធនធានទឹក និងឧតុនិយមឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ ថាទឹក គឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ហើយការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងណាស់ ក្នុងការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នារសៀលថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៤ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងណាស់ ក្នុងការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងរក្សាបាននូវសន្ដិសុខទឹកនៅទូទាំងប្រទេសកម្ពុជា ។
សម្ដេចធិបតី បានបន្តថា ទឹក គឺជាធនធានដ៏មានសារៈសំខាន់ណាស់ សម្រាប់ទ្រទ្រង់ដល់ភាវមានជីវិតទាំងអស់ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប៉ុន្ដែធនធានទាំងនេះ កាន់តែខ្សត់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារសកម្មភាពអវិជ្ជមានរបស់មនុស្ស ការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន និងការរីកចម្រើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័សដែលធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹក គុណភាពទឹក និងបន្តដាក់សម្ពាធកាន់តែខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី។
សម្ដេច បន្ថែមថា កម្ពុជា ក៏ដូចជាបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ និងសកលលោក បាននិងកំពុងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងអាចជួបប្រទះនូវភាពមិនប្រាកដប្រជានៃប្រភពធនធានទឹកនាពេលអនាគត ប្រសិនបើគ្មានកិច្ចសហការទាន់ពេលវេលា គ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាធនធានទឹកនេះទេ ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាធនធានទឹកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ដ និងវិធានការសំខាន់ៗ សំដៅក្នុងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឆ្លើយតបទៅនឹងការប្រប្រួលអាកាសធាតុ ជាពិសេសការដាក់ចេញនូវផែនការយុទ្ធសាស្រ្ដអភិវឌ្ឍធនធានទឹក និងឧតុនិយមរយៈពេលមធ្យម និងវែង គឺជាការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជានៅក្នុងចូលរួមជាមួយនឹងពិភពលោកដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានទឹកនៃភពផែនដី ៕