ចូលឆ្នាំមកលេងខេត្តបាត់ដំបង សង្រ្កាន្ត កុំភ្លេច”តំបន់ទេសចរណ៍ធម្មជាតិ” ជាប់មាត់ទឹក
បាត់ដំបងៈរដ្ឋបាលខេត្តបាត់ដំបងបានត្រៀមខ្លួនជាស្រេច ក្នុងការបង្កើតនូវព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី២០២៤របស់ខ្លួនចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៦
ខែមេសាឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅលើដងវិថីសម្តេចក្រឡាហោម ស ខេង ចាប់ពីរង្វង់មូលលោកតាដំបងក្រញូងរហូតដល់បរិវេណនៃសារមន្ទីរ ប្រវត្តិសាស្ត្រខេត្ត”អតីតអគារសាលាខេត្តចាស់”។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ទូរទស្សន៍អប្សរាថា រមណីយដ្ឋានទេសចរណ៍សម្បូរបែបជាច្រើនទីតាំង នៅក្នុងខេត្តបាត់ដំបង ក៏បានត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ទទួលស្វាគមន៍ភ្ញៀវក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
លោកអនុប្រធានមន្ទីរបានបន្តថា នៅមុនពេលបុណ្យចូលឆ្នាំមកដល់ក្រុមការងារមន្ទីរទេសចរណ៍ខេត្តក៏បានចុះផ្សព្វផ្សាយពង្រឹងលើគុណភាពផលិតផល និងសេវាកម្ម នៅតាមបណ្ដារមណីយដ្ឋានទេសចរណ៍ទាំងផងដែរ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវមកម្តងហើយ ចង់មកម្តងទៀត។
ជាការកត់សម្គាល់កន្លងមកក្នុងរដូវក្តៅបែបនេះ រមណីយដ្ឋានដែលពេញនិយមនិងមានភាពទាក់ទាញគឺភ្ញៀវទេសចរជាតិ-អន្តរជាតិតែងតែទៅកម្សាន្តនៅតំបន់រមណីយដ្ឋានជាប់មាត់ទឹកដូចជា នៅស្រុកសំឡូត មាន : តំបន់ទឹកធ្លាក់អូរជាំ, ទឹកធ្លាក់ចម្ការស្វាយ, ទឹកធ្លាក់កំពង់ទូកមានជ័យ។ ស្រុករតនៈមណ្ឌល មានចំណុចស្ទឹងថ្វាក,ចម្ការទុរេនអូរតង,អូរទទា,ភ្នំចំបាំង,ទំនប់ពហុបំណង(សេកសក)។ស្រុកបាណន់ មាន ទំនប់អាងកំពីងពួយ និងទំនប់កង្ហត ជាដើម…។ល។
តាមរយៈការសម្ភាសជាមួយទូរទស្សន៍អប្សរា ម្ចាស់រមណីយដ្ឋានទាំងនោះក៏បានបញ្ជាក់ពីការរៀបចំត្រៀមលក្ខណៈរួចរាល់ ក្នុងការត្រៀមទទួលភ្ញៀវដែលមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
សូមបញ្ជាក់ថា ខេត្តបាត់ដំបង មានរមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិប្រមាណ ១១៥ទីតាំង ដែលជាទីកន្លែងផ្តល់ឱកាសឳ្យភ្ញៀវជាតិ-អន្តរជាតិ អាចជ្រើសរើសសម្រាប់ដំណើរកម្សាន្តបានតាមចំណង់ចំណូលចិត្ត។មកដល់ពេលនេះ ទីតាំងទេសចរណ៍ទាំងនោះ ត្រូវបានរៀបចំតុបតែងលម្អសោភណភាព ព្រមទាំងត្រៀម ខ្លួនបម្រើសេវាកម្មនានាជូនភ្ញៀវដោយទឹករីករាយ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )