អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការផ្សព្វផ្សាយព័ត៌មានត្រូវគោរពក្រមសីលធម៌ ដើម្បីរួមចំណែករក្សាសន្តិសុខ និងអភិវឌ្ឍន៍សង្គម
ភ្នំពេញ៖ សព្វថ្ងៃ បច្ចេកវិទ្យាទំនើបកំពុងរីកចម្រើន និងវិវត្តឥតឈប់ឈរ ហើយបានធ្វើឱ្យនិន្នាការនៃការប្រើប្រាស់មធ្យោបាយផលិត ផ្សព្វផ្សាយព័ត៌មានបែបឌីជីថល ជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងសង្គម ក៏មានការកើនឡើងយ៉ាងសម្បូណ៍បែប ក្នុងនោះក៏មានប្រជាពលរដ្ឋដែលជាអ្នកផ្សាយព័ត៌មានដែរ។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សកម្មភាពបែបនេះ បានក្លាយជាប្រភពមួយស្តីពីរឿងរ៉ាវ ឬបញ្ហាដែលបានកើតឡើងក្នុងមូលដ្ឋានជុំវិញខ្លួន ឬក្នុងសហគមដែលយើងរស់នៅ ហើយជាការរួមចំណែកបញ្ជូនសារដល់អាជ្ញាធរនៅមូលដ្ឋានផ្ទាល់ និងអាចឈានទៅស្វែងរកដំណោះស្រាយ ឬមានវិធានការចំពោះបញ្ហាណាមួយឱ្យទាន់ពេលវេលា។
ទិដ្ឋភាពនេះ ក៏ជាការចូលរួមក្នុងសកម្មភាពសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ ហើយបានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីភាពរីកចម្រើននៃការទទួលព័ត៌មានសព្វថ្ងៃ ប្រកបដោយលក្ខណៈចម្រុះនិងសម្បូណ៍បែប ដែលត្រូវបានធានា ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់រាជរដា្ឋភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ ជាពិសេស គឺក្នុងអាណត្តិទី៧នេះ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ។
លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍បន្ថែមថា ទោះជាយ៉ាងណាក៏ដោយ អ្នកកាសែតពលរដ្ឋភាគច្រើនមិនបានទទួលការបណ្ដុះបណ្ដាលផ្នែកសារព័ត៌ទេ។ ពោលគឺមិនបានចូលសាលា ដើម្បីរៀនជំនាញសារព័ត៌មានឡើយ។ ជាផលវិបាក ព័ត៌មានដែលត្រូវបានផលិតឡើង គ្រាន់តែផ្អែកលើបទពិសោធន៍ ឬការហាត់ធ្វើតៗគ្នា ឬ ជាការផលិត ឬផ្សាយព័ត៌មានតាមអារម្មណ៍ខ្លួនឯងផ្ទាល់ ជាជាងផ្អែកលើព័ត៌មានពិត ឬស្ថានភាពជាក់ស្តែង។
លោកបានមានប្រសាសន៍បញ្ជាក់ថា ការផ្សាយព័ត៌មានបែបនេះ អាចធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងស្ថិរភាពក្នុងសង្គម ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ហើយពេលខ្លះអាចបង្កឱ្យមានជម្លោះ មានភាពវឹកវរដល់សន្តិសុខសង្គម ដោយសារតែព័ត៌មាននោះមិនគ្រប់ជ្រុងជ្រោយ គ្មានតុល្យភាពព័ត៌មាន គ្មានប្រភពច្បាស់លាស់ រីឯគោលបំណងនៃការផ្សព្វផ្សាយ គឺគ្រាន់ទាញយកប្រជាប្រិយភាពសម្រាប់ជាប្រយោជន៍បុគ្គលតែប៉ុណ្ណោះ។ ទន្ទឹមនេះដែរ យើងសង្កេតឃើញមានជនមួយចំនួនបានជ្រកក្រោមឈ្មោះសារព័ត៌មាននេះ ដើម្បីប្រព្រឹត្តសកម្មភាពផ្សេង ផ្ទុយក្រមសីលធម៌ និងយកឈ្មោះសារព័ត៌មាននេះ ធ្វើជាមុខរបរដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដែលពេលខ្លះអាចមានរហូតដល់ប្រព្រឹត្តការកំហែងទារប្រាក់ ដែលជាបទល្មើសព្រហ្មទណ្ឌទៀតផង។
អ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដោយសង្កត់ធ្ងន់ថា ដូច្នេះអ្នកកាសែតពលរដ្ឋត្រូវយល់ និងកំណត់ឱ្យបានច្បាស់ពីគោលបំណងរបស់ខ្លួន និងគោលដៅនៃការផ្សាយ កុំផ្សាយព័ត៌មានតាមចិត្តចង់ ឬតាមការនឹកឃើញ ហើយត្រូវធានាថាការផ្សាយព័ត៌មាននោះនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនក្នុងមូលដ្ឋាន ឬអាចចូលរួមចំណែកដោះស្រាយបញ្ហា ក៏ដូចជាថែរក្សាស្ថិរភាពក្នុងសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល។ អ្នកកាសែតពលរដ្ឋត្រូវស្វែងរកការបណ្ដុះបណ្ដាលជំនាញ សរសេរ សម្ភាសន៍ ផលិត ផ្សាយព័ត៌មាន និងការបង្រៀនស្តីពីក្រមសីលធម៌ក្នុងវិស័យព័ត៌មាន ពីស្ថាប័ន ឬអង្គភាពជំនាញ ដើម្បីឱ្យការផ្សាយព័ត៌មានរបស់ខ្លួនមានគុណភាព អនុលោមតាមបទដ្ឋានវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ៕
ដោយ៖ពលជ័យ