ក្រុមយុវជននិងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសង្គមស៊ីវិល ប្រាប់ក្រុមប្រឆាំងជ្រុលនិយមគួរតែរៀនសូត្រពីសម្តេចតេជោ និងយល់ពីតម្លៃសន្តិភាព ជាជាងអង្គុយរិះរកមធ្យោបាយបំផ្លាញសន្តិភាព

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសង្គមស៊ីវិល បានឱ្យដឹងថា បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះ របស់សម្តេច ក្នុងការការពារទឹកដី សាសនា ព្រះមហាក្សត្រ និងប្រជាជនខ្មែរ និងជាគំរូសម្រាប់យុវជនជំនាន់ក្រោយរៀនសូត្រ។ កម្ពុជាមុននឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំប្រទេសដ៏ប៉ិនប្រសប់របស់សម្តេចតេជោទេនោះ ម្ល៉េះកម្ពុជាអាចនឹងបន្តជោកជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សា និងសមាហរណកម្មបាននោះឡើយ។ ជាសារមួយសម្រាប់ជនអគតិ ទណ្ឌិតភៀសខ្លួនក្រៅប្រទេស ឬក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច គួរតែបានរៀនសូត្រពីគុណូបការៈ និងយល់ពីតម្លៃសន្តិភាព ជាជាងអង្គុយរិះរកមធ្យោបាយក្នុងការបង្អាក់ ឬមានចិត្តចង់បំផ្លាញសន្តិភាពនៅកម្ពុជា។

លោកបន្តថា ដោយឡែកចំពោះវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេច ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក ចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរទាំងយប់ទាំងថ្ងៃ បានកែប្រែមុខមាត់កម្ពុជាជាប្រវត្តិសាស្ត្រ ងើបមុខលើឆាកអន្តរជាតិ បង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី យ៉ាងពេញលេញ។

ប្រធានក្រុមយុវជន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសង្គមស៊ីវិលបានបន្តទៀតថា យ៉ាងណាម៉ិញ ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន មានសេចក្តីសង្ឃឹមយ៉ាងមុតមាំចំពោះវត្តមានសម្តេចតេជោ ចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ គឺពិតជាបានជួយសម្រួលឱ្យដំណើរការកំណែរទម្រង់នានា ពង្រឹងរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ជាពិសេសការកែទម្រង់ច្បាប់ ដើម្បីជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ និងជឿនលឿនលើគ្រប់វិស័យយ៉ាងសុខសាន្ត ពិសេសសម្តេចនឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់កម្ពុជាមួយនេះ ចូលរួមកាន់ចង្កូតនាវាកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍជាដរាប៕
ដោយ៖ពលជ័យ

ads banner