Microsoft ចាយទុន ២.៩ពាន់លានដុល្លារជំរុញសន្ទុះវិស័យ AI នៅជប៉ុន
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Microsoft នៅថ្ងៃអង្គារនេះ បានប្រកាសពីការវិនិយោគចំនួន ២.៩ពាន់លានដុល្លារក្នុងរយៈពេល ២ឆ្នាំខាងមុខនៅជប៉ុន ដើម្បីជំរុញសន្ទុះផ្នែកបញ្ញាសិប្បនិមិត្ត AI នៅក្នុងប្រទេសអាស៊ីនេះ និងពង្រឹងការការពារតាមអ៊ីនធឺណិត ចំពេលមានការប្រឈមមុខនឹងការគំរាមកំហែងពីប្រទេសចិន និងរុស្ស៊ី។
ការប្រកាសនេះ កើតឡើងក្នុងគ្រាដែលនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងតូក្យូ ក្នុងការក្លាយជាមហាអំណាច AI។
លោក Brad Smith អនុប្រធាន និងជាប្រធានក្រុមហ៊ុន Microsoft ដែលបានជួបលោក គីស៊ីដា នៅថ្ងៃអង្គារនេះនិយាយថា នេះគឺជាការវិនិយោគដ៏ធំបំផុតតែមួយគត់របស់ Microsoft នៅក្នុងប្រវត្តិសាស្រ្តរយៈពេល ៤៦ឆ្នាំរបស់ខ្លួននៅប្រទេសជប៉ុន។ លោក Smith បានអះអាងថា ការវិនិយោគទាំងនេះ គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ប្រទេសជប៉ុន ក្នុងការកសាងសេដ្ឋកិច្ច AI ដ៏រឹងមាំ។
បន្ថែមលើនេះ ក្រុមហ៊ុន Microsoft ក៏បានសន្យាដែរថា នឹងវិនិយោគលើការបណ្តុះបណ្តាលបុគ្គលិកជនជាតិជប៉ុនចំនួន ៣លាននាក់ ក្នុងជំនាញ AI ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ហើយថែមទាំងបានប្រកាសពីការបើកមន្ទីរពិសោធន៍ Microsoft Research Asia ដំបូងបង្អស់របស់ខ្លួននៅទីក្រុងតូក្យូ ដែលនឹងធ្វើការអភិវឌ្ឍទៅលើ AI និងមនុស្សយន្ត។
ដោយឡែក ក្រុមហ៊ុន Google នៅក្នុងខែមីនាឆ្នាំនេះ ក៏បានបើកដំណើរការមជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតថ្មីនៅក្នុងប្រទេសជប៉ុនផងដែរ ក្នុងគោលបំណងជួយធ្វើឱ្យប្រសើរឡើង នូវការការពារនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា