វីតាល់ និងមូលនិធិ២៥៛ ប្រារព្ធកម្មវិធីស្រង់ព្រះ និងសង្ឃហធម៌ដ៏ធំប្រចាំឆ្នាំទី៧ នៅវត្តខ្ពប
ខេត្តកណ្តាល៖ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមូលនិធិ២៥រៀល នាពេលថ្មីៗនេះ បានបន្តផ្តួចផ្តើមរៀបចំកម្មវិធីស្រង់ព្រះជូនដូនចាស់ដ៏ធំប្រចាំឆ្នាំលើកទី៧ ដែលអញ្ជើញមកពី ១០ភូមិ នៃឃុំខ្ពប ដោយពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
កម្មវិធីស្រង់ព្រះប្រចាំឆ្នាំរបស់វីតាល់ និងមូលនិធិ២៥រៀល បានចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៦ ដែលរហូតមកដល់បច្ចុប្បន្នមានចំនួន៧ឆ្នាំមកហើយ ដោយខកខានពុំបានធ្វើតែកំឡុងពេលប្រទេសជាតិ និងពិភពលោកកំពុងជួបការលំបាកពីវីរ៉ុសកូវីដ១៩។
កម្មវិធីវីតាល់ស្រង់ព្រះដ៏ធំប្រចាំឆ្នាំទី៧លើកនេះ ត្រូវបានប្រារព្ធឡើងជាមួយលោកតា លោកយាយ ដែលមានជីវភាពលំបាកក្រីក្រ និងខ្សត់ខ្សោយចំនួន១៥០គ្រួសារមកពី១០ភូមិ នៃឃុំខ្ពប។ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឍដីកាពន្យល់អំពីអត្ថន័យនៃពិធីបុណ្យស្រង់ព្រះ ដោយទឹកតំណាងភាពត្រជាក់ ម្ល៉ោះហើយនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ ទាំងអ្នកស្រោចស្រពឲ្យគេ និង គេស្រោចឲ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថា នឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និង ជាតិក្រោយ។ ម៉្យាងទៀតពិធីស្រង់ព្រះនេះ ក៏ជាអត្ថន័យអប់រំមួយ និងបណ្តុះស្មារតីនៃការចែករំលែកក្តីស្រលាញ់ និងការគោរពដឹងគុណពីកូនចៅ ញាតិផៅ ជូនលោកអ្នកមានគុណ និងព្រឹទ្ធាចារ្យផងដែរ។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងជាអ្នកផ្តួចផ្តើមគំនិតក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះនេះ បានមានប្រសាសន៍ថា សកម្មភាពនៃការរៀបចំកម្មវិធីវីតាល់ស្រង់ព្រះ ជូនដូនចាស់ប្រចាំឆ្នាំនេះ គឺកើតឡើងបានក៏ដោយសារការគាំទ្រពីសាធារណៈជន ក៏ដូចជាដៃគូអាជីវកម្ម និងពិសេសគឺអតិថិជន ព្រមជាមួយប្រិយមិត្តរបស់វីតាល់ផ្ទាល់តែម្តង ដែលលោកតែងតែគាំទ្រជានិច្ចនូវសកម្មភាពសប្បុរសធម៍ដ៏ប្រពៃនេះជាច្រើនឆ្នាំរួចមកហើយ។ ការគាំទ្ររបស់អតិថិជនវីតាល់ គឺបានធ្វើឡើងដោយផ្ទាល់តាមរយៈការប្រើប្រាស់វីតាល់ ដោយគ្រប់ៗដបនៃផលិតផលវីតាល់ គឺលោកអ្នកបានបរិច្ចាគថវិកាចំនួន ២៥រៀល ដល់មូលនិធិសម្រាប់ការអនុវត្តន៍គម្រោង និងសកម្មភាពនានាដែលមានទំនាក់ទំនងទៅនឹងសសរស្តម្ភទាំង៤ រួមមាន៖ ការអប់រំ, បរិស្ថាន, សុខាភិបាល, សង្គមវប្បធម៍ជាដើម។ លោកជំទាវនាយិកាក៏សូមចំណែកបុណ្យកុសល និងសេចក្តីល្អនេះផ្សាយនូវមេត្តាដល់ប្រិយមិត្តអ្នកប្រើប្រាស់ វីតាល់ សូមទទួលបានបុណ្យកុសលស្មើៗគ្នា។
នៅក្នុងកម្មវិធីនេះ គណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន វីតាល់ បានពាំនាំនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជូនលោកតាលោកយាយចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារៈ ១១មុខ ព្រមជាមួយថវិកា, ព្រះសង្ឈ ៦០អង្គក្នុងមួយអង្គៗទទួលបានទេយ្យវត្ថុចំនួន១១មុខ ព្រមជាមួយបច្ច័យ និងប្រគេនវត្តខ្ពបនូវសម្ភារៈជាច្រើនមុខផងដែរ។ ថ្នាក់ដឹកនាំវីតាល់សន្យាថា នឹងបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រ និងចូលរួមលើកតម្កើនក្នុងគ្រប់សកម្មភាពសប្បុរសធម៍ សង្គម វប្បធម៍ មនុស្សធម៌ និងការបង្កើតនូវកម្មវិធីថ្មីៗបន្ថែមទៀត ជាមួយមូលនិធិ២៥រៀល ដើម្បីមោទនភាព នៃផលិតផលជាតិ៕ អត្ថបទ៖ ឈឹម ទីណា