រដ្ឋបាលរាជធានីហាមឃាត់អុជកាំជ្រួច និងដុតគោមក្នុងធាតុអាកាសក្តៅហួតហែង (Video Inside)
អំពើអុជផាវ ឬអុជកាំជ្រួច ក្នុងអាកាសធាតុកំពុងតែក្តៅស្ងួតនៅរាជធានីភ្នំពេញ ត្រូវបានហាមឃាត់ ជាពិសេសរវាងពីថ្ងៃទី១៣ ដល់១៦មេសា ដែលមានបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
កាលពីយប់ថ្ងៃទី៩ មេសា ឆ្នាំ២០២៤, ជនជាតិវៀតណាមមួយក្រុម ដែលអុជកាំជ្រួចអបអរខួបកំណើត ដើម្បីថតវីដេអូផ្ញើទៅមិត្តស្រីរបស់ខ្លួន ត្រូវបានសមត្ថកិច្ចហៅទៅអប់រំ និងព្រមានមិនឱ្យធ្វើសកម្មភាពដដែលនេះបន្តឡើយ ខណៈអាកាសធាតុក្តៅខ្លាំង ក្នុងពេលដែលកម្ពុជាកំពុងរងនឹងបាតុភូតកម្តៅ El Nino នាពេលនេះ ងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើង។ នៅក្នុងរាជធានីភ្នំពេញ កម្តៅអតិបរមានក្នុងសប្តាហ៍នេះ បានកើនដល់៣៩ ឬពេលខ្លះ៤០អង្សាសេ។
ការអុជកាំជ្រួចវេលាយប់ម៉ោង១០និង៤០នាទីថ្ងៃទី៩មេសា បានកើតឡើងនៅចំណុចអគារ apartment LH Residence ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយការព្រមាន និងអប់រំ ជនជាតិវៀតណាមទាំងបួននាក់នោះ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកបន្ទប់ apartment របស់ខ្លួនវិញ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីចុះថ្ងៃទី១០ មេសា ឆ្នាំ២០២៤, ការអុជកាំជ្រួច, ការបង្ហោះគោម ត្រូវបានហាមឃាត់ដាច់ខាត និងអ្នកដែលប្រព្រឹត្តបង្កអគ្គិភ័យដោយ សារទង្វើហាមឃាត់នេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សមត្ថកិច្ចនៅបានដាស់តឿនដល់វត្តអារាម, ទីកន្លែងគោរពសក្ការៈបូជា, ក្រសួង, ស្ថាប័ន, មន្ទីរ អង្គភាព និងកន្លែងសប្បាយដ្ឋាននានា, រោងចក្រ, សហគ្រាស, ទីផ្សារ និងតាមគេហស្ថាននានា ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ ដែលនឹងអាចកើតឡើងជាយថាហេតុ ក្នុងអាកាសធាតុក្តៅដ៏ខ្លាំងក្លានេះ។
នៅជាមួយគ្នានេះផងដែរ, អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ជុំវិញការពង្រាយកម្លាំងនគរបាលជាង ២ពាន់នាក់ និងការរៀបចំកិច្ចការជាច្រើនទៀត ដើម្បីឱ្យការប្រព្រឹត្តទៅ នៃពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ មានសភាពរីករាយ និងរលូនល្អតាមគម្រោងរៀបចំរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ។