កម្ពុជាថាគុណភាពទឹកទន្លេមេគង្គស្ទឹងត្រែងនៅល្អ ខណៈឡាវហាមបណ្តោះអាសន្នមិនឱ្យពលរដ្ឋប្រើប្រាស់ ដោយសារសារធាតុគីមីអាស៊ីដស៊ុលផូរិច ហៀរចូល (Video Inside)
ក្តីបារម្ភនឹងជាតិពុលក្នុងទឹកទន្លេមេគង្គក្បែរព្រំដែននៃប្រទេសឡាវ បានជម្រុញឱ្យក្រសួងធនធានទឹក បានប្រញាប់ចាត់វិធានការពិនិត្យមើលគុណភាពទឹក ក្នុងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម, សារធាតុគីមីអាស៊ីដស៊ុលផូរិច ប្រមាណ ៣០តោន បានហូរចូលក្នុងទឹកទន្លេមេគង្គក្នុងខេត្តហ្លួងប្រាបាង នៃប្រទេសឡាវ កាលពីថ្ងៃទី៣ មេសា ដោយសារតែករណីក្រឡាប់ឡានដឹកសារធាតុគីមី ចូលក្នុងស្ទឹងណាមខាន់ ដែលស្ថិតក្នុងភូមិសាងខាំ នៃក្រុងហ្លូងព្រះបាង។
យោងតាមមន្ត្រីជំនាញសារធាតុគីមីអាស៊ីដស៊ុលផូរិច គឺជាសារធាតុដែលអាចបង្កការរលាកស្បែកធ្ងន់ធ្ងរ និងបង្កការប៉ះពាល់ដល់ភ្នែកថែមទៀត។ វាអាចបង្កការរលាកក្នុងកម្រិតធ្ងន់ទីបី និងអាចធ្វើឱ្យមនុស្សខ្វាក់ភ្នែក នៅពេលដែលសារធាតុនោះ បានចូលក្នុងភ្នែក។ ការប៉ះពាល់ នឹងសារធាតុគីមីអាស៊ីដ ស៊ុលផូរិច រលាកបំពង់ក, ច្រមុះ និងប៉ះពាល់ដល់ការខូចសួតថែមទៀត។
អាជ្ញាធរក្នុងប្រទេសឡាវ បានហាមពលរដ្ឋឡាវ ផ្អាកការប្រើប្រាស់ទឹកទន្លេមេគង្គរបស់ខ្លួន ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ក្រុមអ្នកជំនាញក្រសួងធនធានទឹកនិយាយថា គុណភាពទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង នៅមិនទាន់រងផលប៉ះពាល់នៅឡើយទេ។
ក្រសួងធនធានទឹកបានថ្លែងថា គេកំពុងបន្តមើលលើបញ្ហានេះ ដោយយកចិត្តទុកដាក់ និងធ្វើការជួនដំណឹងបន្ថែមទៀត ក្នុងករណីចាំបាច់។