រដ្ឋបាលខេត្តបាត់ដំបងផ្តោតការពង្រឹងសន្តិសុខក្នុងព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ២០២៤
បាត់ដំបង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឆ្នាំ២០២៤ បានដាក់ការណែនាំដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ឳ្យពង្រឹងការត្រួតពិនិត្យបន្ថែម ទៅលើការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាព ជូនប្រជាពល រដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ដែលមកកម្សាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្ត បាត់ដំបងឆ្នាំ២០២៤ ដើម្បីធានាថា ពិធីនេះប្រព្រឹត្តទៅដោយរលូនប្រកបដោយសុខ សុវត្ថិភាព មានរបៀបរៀបរយ និងផ្តល់នូវភាពសប្បាយរីករាយ។
ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានប្រាប់កិច្ចប្រជុំកាលពីថ្ងៃអង្គារថា ខេត្តបាត់ដំបងបានត្រៀមខ្លួនរួចជាស្រេចការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២៤ ចាប់ពីថ្ងៃ១២ ខែមេសាដល់ថ្ងៃទី១៦ ខែមេសា នៅលើវិថីសម្តេចក្រឡាហោម ស ខេង ចាប់ពីរង្វង់មូលលោកតាដំបង ក្រញូងរហូតដល់បរិវេណមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្ត(អតីតអគារសាលាខេត្តចាស់)។
លោកបន្តថា មកដល់ពេលនេះ ទីតាំងរៀបចំសង្ក្រាន្តបាត់ដំបង បាននិងកំពុងតែពន្លឿនការកែលម្អសោភណភាពតាមដងផ្លូវ ទីប្រជុំជនក្នុងទីក្រុងបាត់ដំបង ។បណ្តាគោលដៅកន្លែងកម្សាន្ត មាននៅក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ,តាមដងផ្លូវ ,គល់ស្ពានតោថ្មរំលេចភ្លើង”រូបនាគ”,តំបន់សាសនាមុខសាលាខេត្ត ។មានកាតុបតែងលម្អភ្លើង ចម្រុះព៌តាមដើមឈើសងខាងប្របដងផ្លូវនានា និង ស្ពានឆ្លងស្ទឹងសង្កែ។បន្ថែមពីនេះនៅតាមដងវិថីសម្តេចក្រឡាហោម ក៏មានរៀបចំ”ជាតំបន់ត្រជាក់”លំអដោយពាងទឹកនិងទឹកសម្រាប់លេងកម្សាន្តចាក់ទឹកតាមបែបទំនៀមទម្លាប់វប្បធម៌ប្រពៃណីខ្មែរ។មានការប្រគំតន្រ្តីខ្នាតយក្ស , ការប្រកួតប្រដាល់គុនខ្មែរ ផងដែរ ។
ដោយឡែកនៅតាមបណ្តាស្រុកទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សប្បាយរីករាយដូចនៅក្រុងបាត់ដំបងដែរ។
ជាមួយគម្រោងរៀបចំដ៏ធំសម្បើមនេះ ឯកឧត្តម សុខ លូ បានដាក់បញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់គណៈបញ្ជាការឯកភាពនៃរដ្ឋបាលក្រុងស្រុក ឃុំ-សង្កាត់ និងគ្រប់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការថែរក្សាសន្តិសុខសណ្ដាប់ក្នុងព្រឹត្តិការណ៍បាត់ដំបងសង្រ្កាន្តឆ្នាំ២០២៤ខាងមុខ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង រៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង រយៈពេល ៥ថ្ងៃ ក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ដែលនឹងចូលមកដល់នៅរាត្រីថ្ងៃទី១៣ ខែមេសា៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប