អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ព-នគរបាល នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ

ស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានដឹកនាំគណៈប្រតិភូថ្នាក់ខេត្ត អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ បរិក្ខា និងថវិកាមួយចំនួនធំទៅឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ (យោធា-នគរបាល) ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។
សកម្មភាពនាដើមសប្ដាហ៍នេះ ក៏ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកនៅប៉ុន្មានថ្ងៃទៀត ខាងមុខនេះដែរ។

ក្នុងឳកាសនេះឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងការពារព្រំដែន ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត រួមទាំង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ឯកឧត្តម ស្វាយ សំអ៊ាង បានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់កងទ័ព នគបាល ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជននៃយើង។ លោកបានផ្តាំផ្ញើដល់កងកម្លាំងគ្រប់កងឯកភាព ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាឳ្យបានល្អ ជាមួយកងកម្លាំងប្រទេសជាមិត្ត និងត្រូវក្តាប់ឲ្យបានសភាពការណ៍នៅតាមបណ្តោយព្រំដែន ដែលខ្លួនកំពុងឈរជើងការពារ។

គួរបញ្ជាក់ថា អំណោយរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវដែលត្រូវប្រគល់ជូន កងកម្លាំងការពារព្រំដែនកម្ពុជា-ឡាវ នាពេលនោះ រួមមាន អង្ករខ្មែរប្រណិត នមី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ទឹកត្រី ម ទឹកបរិសុទ្ធ ស័ង្កសីនិងថវិកា មួយចំនួនធំ៕
ដោយ:ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner