អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មីនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងសប្ដាហ៍នេះបានរៀបចំសង្ក្រាន្តឆ្នាំថ្មីឆ្នាំរោងដោយមានការលេងល្បែងរបាំប្រជាប្រិយ ការរាំម៉ាឌីហ្សុនកងទ័ព និងការរៀបចំអាហារសាមគ្គីជូនដល់នាយទាហាន នាយទាហាន រង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ។

មុនចាប់ផ្តើមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍ជូនឯកឧត្តមងួន រតនៈ អំពីកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឯកឧត្តម ងួន រតនៈ បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនាយទាហាននាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងសហប្រតិបត្តិការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងការចូលរួមអនុវត្តនគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព និងភារកិច្ចមួយចំនួនទៀតដែលថ្នាក់លើបានប្រគល់ជូនកន្លងមកទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។

ឯកឧត្តមក៏បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានជូនពរក្នុងឱកាសឆ្នាំថ្មី ឆ្នាំរោងផងដែរ៕
ដោយៈ ប៊ុន រដ្ឋា

ads banner