៣ខែដើមឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកចំណេញ៣៧លានដុល្លារ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines នៅថ្ងៃពុធនេះ បានរាយការណ៍សាជាថ្មីទៀត អំពីប្រាក់ចំណូលដ៏រឹងមាំរបស់ខ្លួន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អាមេរិកមួយនេះ ក៏បានព្យាករណ៍ពីកំណើនប្រាក់ចំណូលនៅត្រីមាសទីពីរផងដែរ ដោយផ្អែកលើកំណើនតម្រូវការតាមផ្លូវអាកាសរបស់អតិថិជន។

ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានរាយការណ៍ពីប្រាក់ចំណេញនៅត្រីមាសទី១ ឆ្នាំ២០២៤ ចំនួន ៣៧លានដុល្លារ បើធៀបនឹងការខាតបង់ចំនួន ៣៦៣លានដុល្លារ ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមគ្នា ប្រាក់ចំណូលរបស់ Delta Air Lines ក៏បានកើនឡើងចំនួន ៨ភាគរយ ដល់ទឹកប្រាក់ចំនួន ១៣.៨ពាន់លានដុល្លារ។

ប្រធានក្រុមហ៊ុន Delta Air Lines លោក Glenn Hauenstein បាននិយាយនៅក្នុងសន្និសីទមួយជាមួយអ្នកវិភាគថា តម្រូវការតាមផ្លូវអាកាសរបស់អ្នកអតិថិជននៅតែមានភាពរឹងមាំ ហើយនិន្នាការបុព្វលាភក៏នៅតែរឹងមាំដែរ។

ទោះបីជាយ៉ាងណា មន្ត្រីក្រុមហ៊ុន Delta Air Lines និយាយថា ឧស្សាហកម្មអាកាសចរណ៍របស់សហរដ្ឋអាមេរិក នៅតែជួបប្រទះនឹងបញ្ហាប្រឈម ក្នុងការពង្រីកសមត្ថភាពផ្តល់សេវាកម្ម ដោយមួយផ្នែកគឺដោយសារតែបុគ្គលិកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅមានកម្រិត នៅព្រលានយន្តហោះក្នុងទីក្រុងញូវយ៉ក។

ហើយក្តីបារម្ភមួយទៀត ដែលក្រុមហ៊ុនអាកាសចរណ៍ប្រឈមមុខ នោះគឺការឡើងថ្លៃប្រេងនាពេលថ្មីៗនេះ ដែលអាចដាក់បន្ថែមបន្ទុកលើថ្លៃប្រេងឥន្ធនៈក្នុងរយៈពេលខាងមុខ ដែលធ្វើឱ្យភាគហ៊ុនរបស់ Delta ធ្លាក់ចុះចំនួន ០.២ភាគរយ។

បើតាមការបញ្ជាក់របស់លោក Glen Hauenstein នៅឆ្នាំ២០២៣ ក្រុមហ៊ុន Delta Air Lines រកប្រាក់ចំណូលបានចំនួន ៥៤.៧ពាន់លានដុល្លារ តួលេខនេះខ្ពស់ជាងឆ្នាំ២០២២ ចំនួន ២០ភាគរយ នេះបើយោងតាមប្រភពពីគេហទំព័រ ir.delta៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner