សម្តេច ម៉ែន សំអន ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ ក្រោយបំពេញទស្សនកិច្ចទៅឡាវប្រកប ដោយជោគជ័យ

(ភ្នំពេញ)៖ រសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំ គណ:ប្រតិភូមាតុភូមិនិវត្តន៍ បន្ទាប់ពីទស្សនកិច្ចទៅកាន់ប្រទេសឡាវ និងបានចូលរួមកិច្ចប្រជុំ រណសិរ្ស៣ប្រទេស កម្ពុជា ឡាវ វៀតណាម  ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ ក្នុងរដ្ឋធានីវៀងចន្ទន៍ ក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះប្រកបដោយផ្លែផ្លា។

នៅក្នុងដំណើរទស្សន:កិច្ចនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានជួបសវនាការការងារជាមួយ៖ (១)ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (SONEXAY SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២)ឯកឧត្តមបណ្ឌិត ស៊ិនឡាវង្ស ឃុតផៃធូន (SINLAVONG KHOUTPHAYTHOUNE) ប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ (៣)ឯកឧត្តម ថោងលុន ស៊ីសុលីត (THONGLOUN SISOULITH) អគ្គលេខាធិការ បក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ទន្ទឹមនឹងនោះផងដែរថ្នាក់ដឹកនាំរណសិរ្សទាំងបីប្រទេស បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កម្មវិធីសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និង    គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដំណាក់កាល ២០២៣-២០២៦ ដែលផ្តោតសំខាន់ទៅលើ៖ (១) ការងារអប់រំ ផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន (២)ជំរុញ និងលើកទឹកចិត្តរាល់សកម្មភាពកិច្ចសហប្រតិបត្តិការ នៅថ្នាក់មូលដ្ឋាន (៣)ប្រារព្ធ និងអបអរសាទរ ពិធីបុណ្យជាតិ និងខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរបស់ប្រទេស ទាំងបី(៤)ការរៀបចំសនិ្នសីទ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ច (៥)ជំរុញ និងលើកទឹកចិត្តរាល់សកម្មភាព កិច្ចសហ ប្រតិបត្តិការរណសិរ្សបីប្រទេស (៦)ការចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner