សូមកុំមើលរំលងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”

ភ្នំពេញៈឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ជាទីតាំងប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយ ដែលបានបន្សល់ ទុកនូវសំណង់ប្រវត្តិសាស្ត្រច្រើនប្រភេទ មានដូចជា សំណង់ប្រាសាទបុរាណ និងស្ថានីយបុរាណជាច្រើនកន្លែង រួមទាំង មានសហគមន៍មនុស្សផងដែរ។ ហេតុនេះតំបន់ភ្នំគូលែនបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ ទាំងឡាយ ចាប់តាំងពីចុងសតវត្សទី១៩រហូតមកដល់បច្ចុប្បន្ន ដោយសារសំណង់ប្រាសាទបុរាណ វត្ថុសិល្បៈ សិលា ចារឹក ព្រៃឈើ និងប្រព័ន្ធផ្លូវទឹកធម្មជាតិផងដែរ។

ភ្នំគូលែនមានទីតាំងស្ថិតនៅក្នុងភូមិគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ មានចម្ងាយប្រមាណ ៥៥ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ភ្នំគូលែន ឬមហេន្ទ្របព៌ត ជាទីតាំងបុរាណដែលបានបង្កប់នូវអត្ថន័យខាងជំនឿសាសនាជាច្រើនបានបន្សល់ទុកនៅទីនោះ។

ដោយឡែកបើយោងតាមសិលាចារឹកស្តុកកក់ធំដែលមានលេខសំគាល់K.២៣៥ ចារឡើងនៅអំឡុងសតវត្សទី១១ ភ្នំគូលែន ជាទីតាំងនៃរាជធានីបុរាណដែលមានវ័យចំណាស់នៅក្នុងតំបន់ និងត្រូវបានកសាងឡើងក្នុងរាជរបស់ព្រះបាទជ័យ វរ្ម័នទី២ នាដើមសតវត្សទី៩ ដោយមានឈ្មោះថា មហេន្ទ្របព៌ត (លំនៅស្ថានរបស់ព្រះឥសូរ ជាអាទិទេពកំពូល នៃព្រហ្មញ្ញសាសនា)។ សិលាចារឹកខាងលើនេះត្រូវបានចារឡើងនៅក្នុងរយៈកាលជាង២០០ឆ្នាំ ក្រោយការយាង ចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី២ ហើយអ្នកស្រាវជ្រាវស្ទើរគ្រប់ជំនាន់តែងបានយោងសិលាចារឹកខាងលើនេះ ដើម្បីរៀបរាប់អំពីប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី២។

ដោយសារកត្តាទាំងអស់នេះហើយទើបមកដល់ពេលនេះភ្នំគូលែនត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍ដែលមានសក្ដានុពលខ្លាំងទៅលើធនធានធម្មជាតិ ជាពិសេសប្រាង្គប្រាសាទបុរាណ ទឹកធ្លាក់ និងតំបន់ទេសភាពប្លែកៗជាច្រើនរាប់មិនអស់ទៀត។
សម្រាប់ទីកន្លែងកម្សាន្តសំខាន់ៗនៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”មានដូចជា៖ស្រះដំរីដែលមានទីតាំងស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប អ្នកទេសចរអាចធ្វើដំណើរតាមម៉ូតូកាត់តាមភូមិថ្មី វត្តព្រះក្រាល រួចបន្តដំណើរទៅមុខប្រមាណ ៣គីឡូម៉ែត្រមានស្ពានមួយ ទៅមុខបន្តិចដល់ល្អាងប្រចៀវ បន្ទាប់មកមានផ្លូវម៉ូតូមួយទៅខាងឆ្វេងដៃប្រមាណ ៣០០ ម៉ែត្រដល់ស្រះដំរី។ ស្រះដំរី ជាឈ្មោះដែលប្រជាជនហៅ ដោយមានរូបដំរីធំមួយ និងនៅពីមុខនោះមានស្រះទឹកមួយ។ ស្រះដំរីមានសំណង់ជាច្រើនគួរឲ្យចាប់អារម្មណ៍ និងមានទេសភាពគួរឲ្យចង់ទស្សនាមិនចេះនឿយណា។ ទីកន្លែងនេះមិនត្រឹមមានទេសភាពស្អាតទេ តែនៅបង្កបដោយជំនឿដែលអ្នកទេសចរអាចបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើនទៀតផង។

*ពើងទុកព្រះ៖ទីកន្លែងនេះត្រូវបានគេស្គាល់ថាជាកន្លែងអាចមើលសមុទ្រពពកបានយ៉ាងល្អឯកមួយ។ ទីនេះគេទេសចរអាចបបួលគ្នីគ្នាដើម្បីទៅបោះតង់លំហែកាយរំសាយស្ត្រេស និងដើម្បីទទួលយកបទពិសោធន៍នៃដំណើរកម្សាន្តថ្មី។
*ទឹកធ្លាក់ក្បាលស្ទឹង៖មានទីតាំងស្ថិតនៅក្នុងភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ចម្ងាយប្រហែល ៥.៥ គីឡូម៉ែត្រពីវត្តព្រះអង្គធំ។ នៅទីនេះមានធនធានធម្មជាតិទឹកដ៏អស្ចារ្យដែលអាចឲ្យអ្នកទេសចរលេងកម្សាន្តរំសាយភាពនឿយហត់ និងបានថតរូបលេងជាមួយទេសភាពស្អាតៗជាច្រើនឥតគណនា។

  • អូរពាមគ្រែ គឺជារមណីយដ្ឋានធម្មជាតិមួយដែលទើបតែបើកដំណើរការក្នុងរយៈពេលថ្មីៗនេះ។ អ្នកទេសចរអាចទៅសម្រាកលំហែទីនោះបានក្នុងមធ្យោបាយបោះតង់ដើម្បីគេង និងកម្សាន្តអារម្មណ៍។ ជាបទពិសោធន៍ចំពោះអ្នកទេសចរទាំងឡាយដែលបានទៅដល់ទីនោះតែងតែទទួលបាននូវអារម្មណ៍មួយស្រស់ថ្លាជាមួយនិងទឹកស្ទឹងដែលហូរមកប្រសព្វគ្នាបីទិសដៅផ្សេងគ្នាប្រៀបជាទន្លេចតុមុខ។
  • ល្អាងប្រចៀវ មានទីតាំងស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ អ្នកទេសចរអាចទស្សនារូងល្អាងថ្មដែលមានសត្វប្រចៀវរស់នៅជាច្រើន ក្រៅពីនោះលោកអ្នកក៏អាចឡើងលើកំពូលល្អាងដែលមានខ្យល់និងមានទេសភាពស្អាតគួរឲ្យចាប់អារម្មណ៍។
    *ប្រាសាទ អូរតុបគឺ ជា ប្រាសាទ បុរាណខ្មែរ មួយ ក្នុង ចំណោម ប្រាសាទ ផ្សេង ៗ ទៀត លើភ្នំគូលែន ដែលបាន សាងសង់ អំពីឥដ្ឋបែរមុខទៅទិសខាងកើត សង់លើខឿនថ្មបាយក្រៀម ហើយ មាន ធម្មជាតិ ព្រៃ ព្រឹក្សា នៅ ព័ទ្ធ ជុំវិញ យ៉ាង ស្រស់ស្អាត។
    *ប្រាសាទនេះមានតួប៉មបី តួសងខាងបាក់បែក តួកណ្តាលមានការទ្រុឌទ្រោម និងគេមិនបានប្រទះឃើញស្លាកស្នាមសិល្បៈដូចជាផ្តែរឬសសរពេជ្រនោះទេ។នៅក្បែរប្រាសាទនេះមានស្លាកស្នាមកាប់ថ្មសម្រាប់ប្រើប្រាស់និងស្លាស្នាមរន្ធសសរដែលមុនមានសំណង់ឈើខាងលើ។
    *ទឹកធ្លាក់អន្លង់រុន ដែលស្ថិតនៅលើខ្នងភ្នំគូលែន ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយដែលអ្នកទេសចរកម្ររំលងបើកាលណាគេបានទៅដល់ទឹកដីនៃឧទ្យានជាតិភ្នំគូលែន។ ទឹកធ្លាក់មួយនេះ មានអំណោយផលល្អពីធម្មជាតិ មានទេសភាពស្រស់ត្រកាល ពិសេសនៅរដូវវស្សា និងហ៊ុមព័ទ្ធទៅដោយព្រៃឈើសងខាង ទឹកហូរកាត់ថ្មមិនចេះដាច់។ទីកន្លែងនេះក៏សក្តិសមសម្រាប់បោះតង់អ្នកទេសចរផងដែរ។
    *ទឹកធ្លាក់អូរតាចក់ ស្ថិតនៅសហគមន៍ ព្រៃធំ អន្លង់ធំ គឺជាកន្លែងសក្តិសមសម្រាប់បោះតង់សម្រាកលំហែកាយ និងទីកន្លែងកម្សាន្តដ៏មនោរម្យមួយកន្លែងនៃទឹកដីដ៏ពិសិដ្ឋឧទ្យានជាតិភ្នំគូលែន៕
    អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖ គ្រីសម្បត្តិ ,សែមបូរិន
ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner