លោកទន្តបណ្ឌិត ឡេង តុង អំពាវនាវឱ្យពលរដ្ឋចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ដើម្បីទទួលបានសុខភាពល្អ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក ទន្តបណ្ឌិត ឡេង តុង អ្នករត់មួយរូបក្នុងចំណោមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ១៥០០នាក់ ចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី៩ នៅ ខេត្តព្រះសីហនុ បានអំពាវនាវឱ្យប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចូលរួមរត់ ដើម្បីទទួលបានសុខភាពល្អ ។

លោកទន្តបណ្ឌិត ឡេង តុង បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនេះ សម្រាប់វិញ្ញាសារត់ ២១គីឡូម៉ែត្រ លោកបានចូលរួមរត់លើកទី៤ហើយ ដោយរត់ ២លើកនៅខេត្តសៀមរាប លើកទី៣នៅភ្នំពេញ និងលើកទី៤ នៅខេត្ត ព្រះសីហនុ ។

លោកថា រាល់ពេលមានព្រឹត្តិការណ៍ម្តងៗ លោកមើលឃើញថា មានវត្តមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ ដែលទាំងអស់នេះ បានបង្ហាញឱ្យឃើញថា កម្ពុជាជាប្រទេសមានសុខសន្តិភាព។

លោកទន្តបណ្ឌិត ឡេង តុង បានពន្យល់ទៀតថា កីឡារត់នេះ គឺជាកីឡាមួយល្អមែនទែន ដែលជួយដល់សុខភាព និងអារម្មណ៍ស្រស់ស្រាយ ពិសេស បានបង្កើតនូវមិត្តភាពតាមរយៈការរត់នេះផងដែរ ។

លោក បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុបើធៀបជាមួយខេត្តផ្សេងៗ ខេត្តមួយនេះមានហេដ្ឋារចនាសម្ព័ន្ធល្អស្អាត ក្នុងនោះក៏មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលជួយឱ្យអារម្មណ៍អ្នករត់កាន់តែស្រស់ស្រាយ ។

ទន្ទឹមជាមួយគ្នានោះ លោក បានបញ្ជាក់អំពីផលប្រយោជន៍ដែលទទួលបានពីការរត់ដូជា៖ ជួយដល់បេះដូង និងជំងឺមិនឆ្លងផ្សេងៗ មានជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺលើសជាតិខ្លាញ់ជាដើម ។

លោក បានអំពាវនាវ ដល់ប្រជាពរដ្ឋកម្ពុជាក្មេងចាស់ប្រុសស្រី គួរតែចូលរួមកីឡារត់នេះឱ្យបានច្រើន ដើម្បីគាំទ្រព្រឹត្តិការណ៍កីឡារៀបចំនៅកម្ពុជា និង ជួយឱ្យសុខភាពរឹងមាំ ។

គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនេះ បានរៀបចំឡើង ផ្សព្វផ្សាយពីសក្តានុពេលវិស័យទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ ហើយថវិកាដែលប្រមូលបានពីការចុះឈ្មោះពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ និងដៃគូឧបត្ថម្ភនឹងយកទៅជួយដល់មន្ទីរពេទ្យកុមារ ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner