អភិវឌ្ឍន៍បឹង ស្តារស្ទឹង ពង្រឹងប្រព័ន្ធរំដោះទឹកនៅភ្នំពេញ

ភ្នំពេញៈដើម្បីបញ្ចៀសរាជធានីភ្នំពេញពីការជន់លិច អាជ្ញាធរនឹងស្តារប្រឡាយធំៗចំនួនបី ស្ទឹងតូចៗចំនួន១០ និងសាងសង់ស្ថានីយបូមទឹកថ្មីចំនួនបួនកន្លែង និងរៀបចំប្រព័ន្ធប្រឡាយពាក់ព័ន្ធមួយចំនួនទៀត នៅទូទាំងក្រុង។
ការងារពង្រឹងប្រព័ន្ធរំដោះទឹកនេះត្រូវការថវិកាប្រមាណ៣០០លានដុល្លារ ដែលនឹងត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ។ នេះបើយោងតាមនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេចអះអាងថា គម្រោងនេះបញ្ចៀសទឹកកុំឲ្យបុកចូលក្រុងភ្នំពេញ និងរំដោះទឹកដែលមានស្រាប់នៅក្នុងក្រុង។

ហេង យ៉ុន គូ រ៉ា នាយក ប្រតិបត្តិ អង្គការ កែច្នៃ និង អនាម័យ សហគមន៍ បានបង្ហាញសុទិដ្ឋិនិយមចំពោះគម្រោងរំដោះទឹកនេះ ហើយ លោក ចង់ ឃើញរដ្ឋាភិបាល មានវិធានការដោះស្រាយបញ្ហាចំកន្លែង ជាពិសេសការរក្សាអាងស្តុក ទឹក ប្រឡាយ និងផ្តោតលើ ថែទាំឱ្យបានត្រឹមត្រូវ។
លោក សឿង សារ៉ន នាយក ប្រតិបត្តិនៃអង្គការ សមាគមធាងត្នោត បានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការ គម្រោងស្តារ ប្រឡាយ ស្តារលូពីរដ្ឋាភិបាល និងភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗទៀត ប៉ុន្តែបញ្ហាទឹកលិចក្រុងនៅតែមិនអាចដោះស្រាយបានទាំងស្រុង ដោយលោកយល់ថា ក៏មកពីការបម្រែបម្រួលអាកាសធាតុ ការកើនឡើងនៃនគរូបនីយកម្ម តំបន់ដីសើម និងបឹងបួមួយចំនួនបែ្រក្លាយទៅជាតំបន់លំនៅឋាន។
រាជធានីភ្នំពេញធ្លាប់ជាក្រុងដែលមានបឹងធម្មជាតិច្រើនបំផុតមួយនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បឹងមួយចំនួនត្រូវបានចាក់ដីលុបទាំងស្រុង ឬផ្នែកណាមួយនៃផ្ទៃបឹង។ តួយ៉ាង បឹងទំពន់ និងបឹងកក់បានក្លាយជាតំបន់លំនៅដ្ឋានថ្លៃកប់ពពក ដែលមានការលើកឡើងថា នេះជារឿងចៀសមិនផុតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ក៏ប៉ុន្តែប្រជាជន និងអង្គការសង្គមស៊ីវិលខ្លះ បានដាក់បន្ទុកទឹកលិចទៅលើការបាត់បឹងស្តុកទឹក។ យ៉ាងណាក៏ដោយ កន្លងមកមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការធ្លាប់អះអាងថា មិនមែនមកពីលុបបឹង តែដោយសារកម្ពស់ទឹកខ្ពស់។
ក្រសួងធនធានទឹកនិងឧត្តុនិយមកន្លងមកបានជួសជុលទំនប់ទប់ស្កាត់ទឹកជំនន់ កាយប្រឡាយរំដោះទឹក ការពារច្រាំងទន្លេបានជិត៧ពាន់ម៉ែត្រ សាងសង់ទំនប់ការពារទប់ស្កាត់ទឹកប្រៃ និង បង្វែរទឹកចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។ នេះបើតាមការអះអាងរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួង ធនធានទឹក និង ឧតុនិយម ៕
 ដោយៈសែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner