ត្រៀមស្ទះផ្លូវ ប្រជាជនរាប់សែននាក់សម្រុកចេញពីក្រុងទៅខេត្ត

ភ្នំពេញៈតាំងពីពេលព្រឹកព្រឹលមមកដល់យប់ជ្រៅថ្ងៃសុក្រនេះ ការធ្វើដំណើរចេញពីក្រុងភ្នំពេញទៅតាមបណ្តាខេត្តនានាដើម្បីជួបជុំគ្រួសារញាតិមិត្តនាឳកាសបុណ្យចូលឆ្នាំខ្មែរ បានចាប់ផ្តើម។ នៅតំបន់ OCIC ក្បែរស្ពានបាឡេ នាខណ្ឌជ្រោយចង្វា មនុស្សម្នារាប់ពាន់នាក់ មានទឹកមុខញញឹមរីករាយ កំពុងរង់ចាំឡើងជិះរថយន្តក្រុងដោយឥតគិតថ្លៃ។
នៅតាមផ្លូវតូចធំ ជាពិសេសច្រកសំខាន់ៗចេញទៅតាមបណ្តាខេត្តក្រុងនានា ដូចជាផ្លូវជាតិ 6 ផ្លូវជាតិលេខ ១ ២ ៣ ៤ ជាដើម ចរាចរមមាញឹកខ្លាំង និងកកស្ទះច្រើនម៉ោងនៅចំនុចមួយចំនួន ដូចជា រង្វង់មូលគល់ស្ពានជ្រោយចង្វា និងចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងព្រះនរោត្តម។ អាជ្ញាធរប្រចាំការបានឲ្យទូរទស្សន៍អប្សរាដឹងថា នៅថ្ងៃស្អែកនេះ ចរាចរកាន់តែចង្អៀត ស្ទះកាន់តែយូរ។  

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈ រថយន្ត ក្រុង រាជធានី ភ្នំពេញ និយាយថាមានប្រជាជនរាប់ម៉ឺននាក់បានធ្វើដំណើរចេញពីក្រុងនៅថ្ងៃសុក្រនេះដែលរាប់ជាថ្ងៃដំបូងនៃការធ្វើដំណើរទៅស្រុកកំណើត។ ក្នុងនោះ មានមនុស្សជាងមួយម៉ឺននាក់បានជិះឡានក្រុងដែលសាលាក្រុងរៀបចំសរុប៤៥០គ្រឿងនៅ៦គោលដៅទូទាំងទីក្រុង។
លោកបន្ត៖« សម្រាប់ឆ្នាំនេះខ្ញុំពិនិត្យមើលគោលដៅ៦ទីតាំងដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅគឺច្រើនពិសេសក្នុងគោលដៅឬស្សីកែវដែលយើងមានគោលដៅទៅ ពោធិសាត់ កំពង់ឆ្នាំង បាត់ដំបង និងបន្ទាយមានជ័យ និងគោលដៅសៀមរាបក្នុងតំបន់OCIC គឺច្រើនរថយន្តយើងទាំងអស់ស្ទើរចេញទាំងអស់គ្រប់គោលដៅ ប្រជាពលរដ្ឋកុះករច្រើន»។

លោក កែវ ចាន់ណារិទ្ធថា ក្រៅធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋ ប្រជាពលរដ្ឋជាច្រើន ទៀត បានធ្វើដំណើរតាមរថយន្តឈ្នួល និងមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ដែលពិបាកក្នុងការទូទាត់តួលេខអ្នកធ្វើដំណើរសរុបនាពេលនេះ ។ លោកថា ថ្ងៃស្អែកនឹងមានអ្នកចេញពីក្រុងកាន់តែច្រើន។ ពួកគេភាគច្រើននឹងត្រលប់ចូលក្រុងវិញនៅថ្ងៃអង្គារសប្តាហ៍ក្រោយដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
ឯកឧត្តម ថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរធ្លាប់បានប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាចំណាយសរុបប្រមាណ៥០០លានដុល្លារក្នុងរយៈពេល៤ថ្ងៃនៃការប្រារព្ធពិធីចូលឆ្នាំនេះ ដោយលោកសន្មត់ថា ក្នុងម្នាក់ៗអាចចាយចន្លោះពី ៣០ម៉ឺន ទៅ ៤០ម៉ឺនរៀល។ ចំណាយភាគច្រើនគឺទៅលើការធ្វើបុណ្យ ចែកទាន ធ្វើដំណើរ និងអាហារហូបចុក។ ខេត្តជាប់មាត់សមុទ្រ សៀមរាប និងបាត់ដំបង ត្រូវគេរំពឹងថា នឹងមានភ្ញៀវទេសចរច្រើននៅឆ្នាំនេះ៕
ដោយ:សែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner