កម្ពុជាមានអ្នកនៅលីវពាក់កណ្តាលប្រទេស អ្នកជំនាញបារម្ភពីវិបត្តិខ្វះធនធានមនុស្ស
ភ្នំពេញៈយុវជនខ្មែរកាន់តែច្រើនចង់នៅលីវជាងរៀបការ។ របាយការណ៍អំពីចំនួនប្រជាជនសកលរបស់អង្គការសហប្រជាជាតិ បង្ហាញថា ប្រជាជនកម្ពុជាមានអ្នកនៅលីវចំនួន ៤៤,៦ ភាគរយនៃចំនួនប្រជាជនសរុប ពោលគឺប្រហែលនឹងពាក់កណ្តាលប្រទេស។ អត្រានេះគឺខ្ពស់ខ្លាំងបើធៀបនឹងបណ្តាប្រទេសដទៃនៅអាស៊ីអាគ្នេយ៍ដូចជា ភូមា ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី ឡាវ វៀតណាម និងទីម័រលេស ដែលមានអាត្រានៅលីវចន្លោះពី១៣ភាគរយទៅ ២៩ ភាគរយប៉ុណ្ណោះ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងស្រាវជ្រាវ បាននិយាយថា កម្ពុជាកំពុងផ្លាស់ប្តូរទៅរកនិន្នាការដូចប្រទេសអភិវឌ្ឍន៍មួយចំនួនដែលមនុស្សចង់នៅម្នាក់ឯងជាងការរៀបការ ឬបង្កើតគ្រួសារ។ បញ្ហាសេដ្ឋកិច្ច ការងារ និងការទទួលខុសត្រូវក្រោយអាពាហ៍ពិអាហ៍ រួមទាំងកំណើននៃការយល់ដឹងអំពីសិទ្ធិយេនឌ័រគឺជាកត្តាចម្បង។ លោកព្រមានថា នេះមិនមែនជារឿងល្អសម្រាប់ប្រទេសនោះទេ។ ជាក់ស្តែងសិង្ហបុរី ជប៉ុន ចិន និងកូរ៉េខាងត្បូងជាដើម កំពុងក្លាយទៅជាប្រទេសដែលខ្វះធនធានមនុស្ស ដោយសារប្រជាជនមិនរៀបការ មិនយកកូន ដែលនាំឱ្យអត្រាកំណើតថយចុះ។
សុខលីន ឆ្នាំនេះមានអាយុ២៩ឆ្នាំ។ កញ្ញានៅមិនចង់រៀបការ ហើយបែរជាយល់ថានេះជាវ័យដែលត្រូវបង្កើនចំណេះដឹង និងពង្រឹងហរិញ្ញវត្ថុទៅវិញ។ សុខលីនថាស្ថានភាពសង្គមបច្នុប្បន្នដែលមានអ្នកលែងលះច្រើនធ្វើឲ្យកញ្ញាខ្លាចរអា។ ចំណែក វរល័ក្ខណ៍ វិញថា កញ្ញាត្រូវការសេរីភាព និងឯករាជ្យភាព។
វរល័ក្ខណ៍ បានបញ្ចាក់ថា៖«គុណប្រយោជន៍នៃការនៅម្នាក់ឯង គឺការសម្រេចចិត្តរបស់យើង គឺដាច់ភឹង។ វាអត់មានត្រូវការសួរយោបល់ពីដៃគូ ឬក៏អ្នកណាទេ។ បើចង់យើងសួរយោបល់ យើងសួរបយោបល់អ្នកផ្ទះ។ ប៉ុន្តែជាក់ស្តែង ដូចជាការសម្រេចមួយចំនួន គឺយើងជាអ្នកសម្រេចចិត្តខ្លួនឯង ដែលមិនត្រូវមានសម្ពាធផ្លូវចិត្ត ត្រូវសួរដៃគូសិន មុននឹងធ្វើអ្វីមួយ ។ ចឹងវាមានសេរីភាពក្នុងការសម្រេចចិត្តជាងពេលដែលមានដៃគូ»។
ក្រៅពីស្ត្រី បុរសខ្មែរជាច្រើនក៏យល់ឃើញស្រដៀងគ្នានេះដែរ។ ពួកគេបានប្រាប់ទូរទស្សន៍អប្សរាប្រហាក់ប្រហែលគ្នាថា អាពាហ៍ពិពាហ៍គឺជាអំរែក ជាសម្ពាធ និងជាការលះបង់សេរីភាព។
ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រសួងកិច្ចការនារី សម្គាល់ឃើញថា យុវជនខ្មែរ ជាពិសេសស្ត្រី គិតគូរល្អិតល្អន់ក្នុងការជ្រើសរើសដៃគូជីវិត ដោយសារតែមានការលើកកម្ពស់ការយល់ដឹង, ការអប់រំកូនតាមបែបវិជ្ជមាន និងបរិយាកាសអំណោយផលនៅកន្លែងធ្វើការជាដើម។ យ៉ាងណាក៏ដោយ ឯកឧត្តមថា ការសម្រេចចិត្តរៀបការឬនៅលីវជាសិទ្ធិសេរីភាពបុគ្គល។
របាយការណ៍របស់អង្គការសហប្រជាជាតិឲ្យនិយមន័យមនុស្សនៅលីវថា អ្នកមិនទាន់រៀបការ និងអ្នកដែលបានលែងលះគ្នា ហើយបានប្រមូលទិន្នន័យចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ ២០២១ ពីប្រជាជននៅលីវប្រហែល ១,៦ ពាន់លាន នាក់នៅទូទាំងពិភពលោក។ ប្រទេសហ្វីលីពិន ព្រុយណេ និងម៉ាឡេស៊ី មានអត្រាភាពនៅលីវខ្ពស់ប្រហាក់ប្រហែលកម្ពុជា គឺក្នុងរង្វង់៤៥ ភាគរយទៅ៤៩ភាគរយនៃប្រជាជនសរុប៕
ដោយ:ឡុង គីមម៉ារីតា