ឱនភាពពាណិជ្ជកម្មកម្ពុជា-ចិន រីកកាន់តែធំ តែប៉ះប៉ូវមកវិញដោយអាមេរិក

ភ្នំពេញ:រយៈពេលបីខែដើមឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងចិន សរុបមានទឹកប្រាក់ជាង ៣.២ពាន់លានដុល្លារ ។ក្នុងនោះ កម្ពុជា នាំចេញទៅចិន បានចំនួន ៣២៨លានដុល្លារ និងនាំចូលមកវិញជាង ២.៨ពាន់លានដុល្លារ។ ចំនួននេះបង្ហាញថាឳនភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិន កើនឡើងជាង១០ភាគរយនៅត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន ប្រាប់ទូរទស្សន៍អប្សរាថា មូលហេតុដែលនាំឱ្យមានឱ្យភាពពាណិជ្ជកម្មនេះ ដោយសារកម្ពុជាមិនទាន់មានលទ្ធភាពបច្ចេកទេសផលិតវត្ថុធាតុដើមឱ្យមានតម្លៃទាបនៅឡើយ ដូច្នេះត្រូវនាំចូលយ៉ាងច្រើនពីប្រទេសចិន ដើម្បីផលិតជាផលិតផលសម្រេចសម្រាប់នាំចេញទៅអាមេរិក។
បញ្ហានាំចូលច្រើនជាងនាំចេញនេះមិនមែនជារឿងថ្មីសម្រាប់កម្ពុជា។ ប៉ុន្តែ លោក ឡោ វិចិត្រ លើកឡើងថា កម្ពុជាត្រូវតែវិនិយោគលើធនធានមនុស្សដើម្បីអាចទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗឲ្យចូលមកបណ្តាក់ទុនដើម្បីបង្កើតផលិតផលនាំចេញ។ លោកថា មានតែធ្វើបែបនេះទេ ទើបកម្ពុជាអាចធ្វើឲ្យជញ្ជីងពាណិជ្ជកម្មនេះមានសមតុល្យជាងពេលបច្ចុប្បន្ន។
យ៉ាងណាក៏ដោយ អតុល្យភាពនៃពាណិជ្ជកម្មរវាងកម្ពុជា និងចិន នៅត្រីមាសទី១នេះ ត្រូវបានប៉ះប៉ូវដោយសហរដ្ឋអាមេរិក ដែលជាទីផ្សារទិញទំនិញធំបំផុតពីកម្ពុជា។ ក្នុងពេល៣ខែ អាមេរិកចាយ ជិត ២ពាន់លានដុល្លារលើទំនិញប្រើប្រាស់ពីកម្ពុជា ភាគច្រើន សម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈសម្រាប់ធ្វើដំណើរ។ កម្ពុជា នាំចូលពីអាមេរិកវិញក្នុងទំហំទឹកប្រាក់តែ ៥៧លានដុល្លារប៉ុណ្ណោះ។ ការណ៍នេះធ្វើឱ្យ សមតុល្យពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងជាង១០ប្រទេសផ្សេងទៀត ឋិតនៅមិនឆ្ងាយដាច់ពីគ្នា ពោលគឺជាង ១២ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញនិងនាំចូលមានជាង ៦.២ពាន់លានដុល្លារប្រហាក់ប្រហែលគ្នា។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB )កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសម្គាល់ឃើញពីភាពវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ នេះ និងឆ្នាំ២០២៥ ដែលច្រូងឡើងដោយភាពរឹងមាំនៃការនាំចេញ។ ប៉ុន្តែ ADB ថា កម្ពុជានៅមានបញ្ហាជាច្រើនទៀតដែលត្រូវដោះស្រាយដើម្បីជួយឲ្យប្រទេសនេះរួចផុតពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។ បញ្ហាទាំងនោះរួមមាន ពិពិធកម្មទីផ្សារនិងផលិតផល ហេដ្ឋារចនាសម្ព័ន្ធ ធនធានវិនិយោគ និងធនធានមនុស្ស ដែលនៅទន់ជ្រាយ៕
ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner