ប្រមុខការពារជាតិអញ្ជើញបើកដំណើរការ សៀមរាបសង្ក្រាន្ដ
សៀមរាប៖ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃសៅរ៍ទី១៣ ខែមេសាឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកដំណើរសៀមរាបសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលប្រារព្ធនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ។
ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្ដសៀមរាបមានប្រសាសន៍ថា នៅឆ្នាំ២០២៤នេះ ដោយមានកិច្ចសហការពីមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងដៃគូសហការនានា ជាពិសេសបងប្អូនសហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តសៀមរាបបានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ដ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ និងដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ មកទស្សនាខេត្តសៀមរាប ស្របតាមយុទ្ធនាការ ទស្សនាសៀមរាប ឆ្នាំ២០២៤។
ឯកឧត្តមបន្តថា ក្រុមការងារចូលរួមរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ ២០២៤ មានចំនួន២៣ក្រុម ។ក្នុងនោះមានក្រុមការងារទ្រទ្រង់កម្មវិធី ចំនួន ១៣ក្រុម និង ក្រុមការងាររៀបចំកម្មវិធីចំនួន ១០ក្រុម ដោយបានរៀបចំបែងចែកតំបន់កម្មវិធីជាពីរធំៗ ។ដូចជាតំបន់ទី១ នៅតំបន់សួនច្បារព្រះរាជដំណាក់ ។នៅតំបន់ទី២ ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប រហូតដល់តំបន់ផាប់ស្រ្ទីត និងក្នុងក្រុងសៀមរាប។ ក្នុងនោះបតំបន់មាត់ស្ទឹង មានកម្មវិធីជិះទូកកម្សាន្ត កម្មវិធីហែរក្បួនទូក ស្តង់ពិព័រណ៍ ម្ហូបអាហារ ការប្រគំតន្ត្រីស្គរដៃ ការសម្តែងសិល្បៈបុរាណប្រពៃណី កម្មវិធីពូនភ្នំខ្សាច់ក្នុងវត្តរាជបូណ៌ និងកម្មវិធីជាច្រើនទៀត។
ឯកឧត្ដមបន្ថែមថា សៀមរាបសង្ក្រាន្តនេះ បានសាមគ្គីគ្នាជាធ្លុងមួយ ខិតខំប្រឹងប្រែងបំពេញការងារតាមក្រុមរៀងៗខ្លួន ទោះបីអាកាសធាតុមានការប្រែប្រួលធ្វើឱ្យមានការកើនឡើងកម្ដៅខ្លាំង ប៉ុន្តែនេះមិនមែនជាបញ្ហាសម្រាប់ក្រុមការងារក្នុងការរៀបចំព្រឹត្តិការណ៍នោះទេ។
នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ មានប្រសាសន៍ថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ២០២៤ ពិតជាមានអត្ថន័យដ៏ធំធេងក្នុងការបំផុសប្រជាជនកម្ពុជា ។ជាពិសេសកុលបុត្រ កុលធីតាជំនាន់ក្រោយឱ្យស្វែងយល់ ស្រឡាញ់ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏មានតម្លៃរបស់ខ្មែរ ក្នុងគោលដៅរក្សាអត្តសញ្ញាណជាតិ និងបង្កើតមោទនភាព ជាតិ។ មួយវិញទៀត ការរៀបចំសង្ក្រាន្តបានបង្កើតនូវព្រឹត្តិការណ៍មួយ សម្រាប់ជួបជុំរវាងមនុស្ស និងបេតិកភណ្ឌ រូបិរវាងអរូបិយ និងរូបិយជាមួយគ្នាផងដែរ។
ឯកឧត្ដមបន្ដថា ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយសម្រាប់ការជួបជុំមហាជន យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានស្វែងយល់អំពីជំនឿសាសនា បានឃើញនិងសិក្សាបន្ថែមអំពីភាពរុងរឿងល្បីល្បាញ សម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងបន្តថែរក្សាកេរ្តិ៍មរតកទាំងនេះឱ្យបានគង់វង្ស ។បំផុសគំនិតរួបរួម កម្លាំងមហាសាមគ្គី និងបណ្តុះស្មារតី “អភិរក្ស ដើម្បីអភិវឌ្ឍន៍”។ “អភិវឌ្ឍន៍ ដើម្បីអភិរក្សវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរក្នុងសម័យសាកលភាវូបនីយកម្មទំនើប” ជំនាន់ថ្មីនេះ ។
ឯកឧត្តមបន្តថា នេះជាការផ្តល់ឱកាសឱ្យពាណិជ្ជករ អាជីវករចូលរួមតាំងបង្ហាញផលិតផល វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារដោយទៅលើការបង្ហាញពីអត្ថ សញ្ញាណវប្បធម៌ក្នុងតំបន់។ ទន្ទឹមនេះ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត គឺជាព្រឹត្តិការណ៍បន្តវេនពីមហាព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោកតាមរយៈនៃ ការចូលរួមពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ បន្តពង្រីកកិត្យានុភាពជាតិខ្មែរលើឆាក អន្តរជាតិ។
ជាក់ស្តែង នៅឆ្នាំនេះ ការរៀបចំសង្ក្រាន្តបានបង្កើតនូវស្ថានភាពសប្បាយរីករាយ មិនគ្រាន់តែសង្ក្រាន្តនៅខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែសង្ក្រាន្តថ្នាក់ជាតិបានកើតឡើងនៅគ្រប់ទីកន្លែងទាំងអស់ទូទាំងព្រះរាជាណាចក្រ កម្ពុជា ចាប់តាំងពីរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងគ្រឹះស្ថានសិក្សានានា ជាសាកលវិទ្យាល័យ វិទ្យាល័យ និងកន្លែងដទៃទៀត ដើម្បីបម្រើឱ្យការសប្បាយរីករាយរបស់ប្រជាពលរដ្ឋ៕
ដោយៈស៊ាន សុផាត