អ្នកមកកម្សាន្តសង្ក្រាន្តបាត់ដំបង ស្ងើចសរសើរការរៀបចំប្រកបដោយភាពទាក់ទាញ
បាត់ដំបង៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ មានរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤ ។ដោយឡែកសង្រ្កាន្តបាត់ដំបងបានចាប់ផ្តើមពីថ្ងៃសុក្រទី១២ ខែមេសា ហើយនិងបញ្ចប់នៅថ្ងៃទី១៦ ខែមេសានៅក្នុងក្រុងបាត់ដំបង ។ក៏មានការរៀបចំសង្រ្កាន្តដូចគ្នានេះដែរនៅតាមបណ្តាស្រុក ក្រុង នានានៃខេត្តបាត់ដំបង ។
ប្រជាពលរដ្ឋដែលកម្សាន្តសង្ក្រាន្តបាត់ដំបងឆ្នាំ២០២៤ បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដោយកត់សម្គាល់ថា សង្រ្កាន្តបាត់ដំបងឆ្នាំនេះមានការរៀបចំបានស្អាតល្អប្រកបដោយភាពទាក់ទាញខ្លាំង តាមរយៈការដាក់តាំងបង្ហាញវត្ថុប្លែកៗ ដូចជា ចាប៉ីដងវែងយក្ស ទុរេនយក្ស និងណែមយក្ស ជាដើម ដែលបញ្ជាក់អំពីអត្តសញ្ញាណ របស់ អ្នកបាត់ដំបង។
តាមរយៈនៃការជួបសម្ភាស ប្រជាពលរដ្ឋទាំងនោះកោតសរសើរសង្រ្កាន្តបាត់ដំបងឆ្នាំនេះ ពិតជាមានទ្រង់ទ្រាយធំប្លែក និងទាក់ទាញខ្លាំងសម្រាប់ការទស្សនានិងផ្ដិតយករូបភាព។
បន្ថែមពីលើភាពភ្ញាក់ផ្អើលរបស់ខ្លួន ប្រជាពលរដ្ឋទាំងនោះ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមមកកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដែលអាជ្ញាធរខេត្តបានរៀបចំប្រកបដោយសណ្ដាប់ធ្នាប់ មានរបៀបរៀបរយ មានកម្មវិធីកម្សាន្តសប្បាយជាច្រើន។
សូមជម្រាបថា ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង បានរៀបចំឡើងតាមបណ្តោយដងវិថីសម្តេចក្រឡាហោម ស ខេង ,នៅក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ និងបរិវេណខាងមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង (អតីតសាលាខេត្តចាស់)។
ព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តបាត់ដំបងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង។សង្ក្រាន្តបាត់ដំបងមានរៀបចំកម្មវិធីសិល្បៈ ការលេង ល្បែងប្រជាប្រិយផ្សេងៗ ការដាក់តាំងបង្ហាញនូវផលិតផល តាមបណ្តាក្រុង ស្រុកទាំង១៤របស់ខេត្ត ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ។ពេលរាត្រីមានការប្រគំតន្ត្រី ការប្រកួតប្រដាល់គុនខ្មែរជាដើម។
រដ្ឋបាលខេត្តបាត់ដំបងរំពឹងថា តាមរយៈព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង នឹងទាក់ ទាញប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវមកពីខេត្តដទៃ និងភ្ញៀវអន្តរជាតិមកកម្សាន្តខេត្តបាត់ដំបងមានចំនួនកើនឡើងជាងឆ្នាំមុនៗ ។ក្រៅពីព្រឹត្តិការណ៍សង្រ្កាន្ត ខេត្តបាត់ដំបងមានរមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តរាប់រយកន្លែងទៀតដែលជាជម្រើសសម្រាប់ដំណើរទេសចរក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៕
. អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប