សម្ដេចក្រឡាហោម ស ខេង អញ្ជើញបើកព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៤

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដែលបានប្រារព្ធកាលពីរសៀលថ្ងៃទី១២ ខែមេសាឆ្នាំ២០២៤ ស្ថិតក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង។

ថ្លែងក្នុងពិធីនេះសម្ដេច ក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តសហការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនេះឡើង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំ
បង ដែលរៀបចំព្រឹត្តិការណ៍សង្រ្កានឆ្នាំ២០២៤នេះថា ជាការបង្កើតឱ្យមានភាពកម្សាន្តសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈនៃការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ខ្មែរ។

តាមរយៈព្រឹត្តិការណ៍នេះ សម្ដេចក្រឡាហោមបានអំពាវនាវដល់អាជ្ញាធរ រដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបំពេញកាតព្វកិច្ចភារកិច្ច ក្នុងការសហការថែរក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកកម្សាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៤។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឳ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៤ មានរយៈពេលប្រាំថ្ងៃ ក្នុងគោលបំណងបង្កើត
ភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសានៅតាមបណ្តោយវិថី សម្តេចក្រឡាហោម ស ខេង ,ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងបរិវេណមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្ត បាត់ដំបង (អតីតសាលាខេត្តចាស់)៕អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប

ads banner