ថៃរំពឹងកើបប្រាក់បានជាង ១ពាន់លានដុល្លារ អំឡុងបុណ្យចូលឆ្នាំថ្មី ២០២៤

បាងកក៖ ធនាគារ TMBThanachart Bank ហៅកាត់ថា (TTB) បានរំពឹងថា ប្រទេសថៃនឹងរកចំណូលបានប្រមាណជាង ៤១.៥ពាន់លានបាត ឬជាង១ពាន់លានដុល្លារ ក្នុងអំឡុងពិធិបុណ្យចូលឆ្នាំថ្មី ២០២៤ ដោយសារតែកំណើនភ្ញៀវទេសចរបរទេស។

មជ្ឈមណ្ឌលវិភាគសេដ្ឋកិច្ច នៃធនាគារ TMBThanachart បានកត់សម្គាល់ថា ការចំណាយ ក្នុងចំណោមអ្នកទេសចរថៃ និងបរទេស ត្រូវបានរំពឹងថា នឹងមានចំនួន ៤១.៥ពាន់លានបាត ឬជាង ១ពាន់លានដុល្លារ កើនឡើង ៥៥ភាគរយ ខ្ពស់ជាងឆ្នាំមុន ដែលមានត្រឹមតែ ២៦.៨០ពាន់លានបាត ឬជាង ៧រយលានដុល្លារ ក្នុងអំឡុងពេលសម្រាកពិធីបុណ្យសង្ក្រាន្តរយៈពេល ៤ថ្ងៃ។

មជ្ឈមណ្ឌលនេះ ក៏បានព្យាករណ៍ដែរថា អ្នកទេសចរថៃនឹងចំណាយប្រមាណ ១៧.២០ពាន់លានបាត ឬជាង ១រយលានដុល្លារ តាមរយៈការចំណាយលើការធ្វើដំណើរ ទិញទំនិញ និងការស្នាក់នៅ ជាពិសេសនៅតាមគោលដៅទេសចរណ៍ និងទីក្រុងឆ្នេរសមុទ្រក្បែររដ្ឋធានីបាងកក។

ទោះបីជាការមកដល់របស់ភ្ញៀវទេសចរបរទេស ក្នុងអំឡុងពេលសង្ក្រាន្តអាចទាបជាងរដូវទេសចរណ៍ក្នុងត្រីមាសទីមួយនៃឆ្នាំនេះក៏ដោយ ប៉ុន្តែភ្ញៀវបរទេសប្រហែល ៣លាននាក់ ត្រូវបានរំពឹងថា នឹងមកដល់ប្រទេសថៃក្នុងខែមេសានេះ ដោយពាំនាំប្រាក់ចំណូលប្រហែល ២៤.៣០ពាន់លានបាត ឬជាង ៦រយលានដុល្លារ។

មជ្ឈមណ្ឌលនេះបន្ថែមថា ការប៉ាន់ប្រមាណ គឺកើនឡើង ៤២ភាគរយ ខ្ពស់ជាងកាលពីឆ្នាំមុន ដែលមានត្រឹម ២.១៨លាននាក់។ មជ្ឈមណ្ឌលនេះបានព្យាករណ៍ទៀតថា ភ្ញៀវទេសចរនឹងចាប់ផ្តើមចំណាយចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ហើយបន្តរយៈពេល ១០ថ្ងៃទៀត ដោយបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ដល់ប្រហែល ៧៨.៩០ពាន់លានបាត ឬជាង ២ពាន់លានដុល្លារ៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner