វៀតណាម វ៉ាដាច់ថៃក្លាយជាប្រទេសនាំចេញទុរេនកំពូល ទៅចិន
ហាណូយ៖ វៀតណាមបានវ៉ាដាច់ថៃ ក្នុងនាមជាប្រទេសនាំចេញទុរេនកំពូលទៅកាន់ប្រទេសចិន ជាមួយនឹងតួលេខនាំចេញផ្លែទុរេនបានចំនួន ៣២,៧៥០តោន ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤។ តួលេខនេះស្មើនឹង ៥៧ភាគរយ នៃការនាំចូលរបស់ប្រទេសចិន កើនឡើងពី ៣២ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមប្រភពពីគយវៀតណាម។
ការនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់ប្រទេសចិន បានកើនឡើងចំនួន ២,៤ដង បើធៀបនឹងឆ្នាំមុន។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិនមានចំនួនសរុប ៣២,៧៥០ តោន ពោលគឺជិត ៧២.៤ភាគរយ ច្រើនជាងរបស់ប្រទេសថៃ។ ជាមួយនឹងតម្លៃ ៤,៩១៦ដុល្លារក្នុងមួយកុងតឺន័រ ពោលគឺតម្លៃនាំចេញរបស់វៀតណាម ទាបជាងថៃជិត ២០ភាគរយឯណោះ។
លោក Dang Phuc Nguyễn អគ្គលេខាធិកាសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បាននិយាយថា អាកាសធាតុរបស់វៀតណាមបានផ្តល់ភាពអំណោយផលឱ្យផ្លែទុរេនអាចដាំដុះបានពេញមួយឆ្នាំ។ លោកបន្ថែមថា ដោយវៀតណាមមានព្រំដែនជាប់ចិន ដូច្នេះវាបានផ្តល់ភាពងាយដល់វៀតណាម ក្នុងការដឹកជញ្ជូនទុរេនទៅកាន់ទីផ្សារចិន។
ក្នុងពេលប៉ុន្មានខែថ្មីៗនេះ កសិករវៀតណាមបាននឹងកំពុងដំឡើងថ្លៃផ្លែទុរេន ដោយសារតែមានតម្រូវការខ្ពស់នៅប្រទេសចិន។
ជាក់ស្តែង ក្នុងខែមីនាឆ្នាំនេះ តម្លៃទុរេនពូជម៉ុងថុងដែលមានគុណភាពខ្ពស់បំផុតនៅតំបន់ដីសណ្តមេគង្គបានកើនឡើងចំនួន ១៥ភាគរយ បើធៀបនឹងឆ្នាំមុន ចាប់ពី ៨,៧ដុល្លារ ដល់ ៩.២ដុល្លារក្នុងមួយគីឡូក្រាម។ ការនាំចេញទុរេនរបស់ប្រទេសវៀតណាម ក៏ត្រូវបានគេរំពឹងដែរថា នឹងកើនឡើងដល់ទឹកប្រាក់ ៣,៥ពាន់លានដុល្លារនៅឆ្នាំ២០២៤នេះ កើនឡើង ៦៦ភាគរយ បើធៀបនឹងឆ្នាំមុន៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា