ព្រលានយន្តហោះសង្ហិបុរី ជាប់ជាអាកាសយានដ្ឋានអន្តរជាតិប្រណិតបំផុតទី៥ របស់ពិភពលោក
សង្ហិបុរី៖ អាកាសយានដ្ឋាន ឆាងជី (Changi) របស់ប្រទេសសិង្ហបុរី ដែលល្បីល្បាញ ដោយសារមានទឹកជ្រោះក្នុងផ្ទះខ្ពស់បំផុតនៅលើពិភពលោក ដែលមានកម្ពស់ជាង៤០ម៉ែត្រ បានជាប់ចំណាត់ថ្នាក់ជាព្រលានយន្តហោះដ៏ប្រណិតបំផុតទី៥ របស់ស្ថាប័ន travel insurance provider AllClear របស់ចក្រភពអង់គ្លេស។
ទោះបីជាព្រលានយន្តហោះ ឆាងជី របស់សង្ហិបុរី បានទទួលការសាទរ និងការគាំទ្រចំពោះគុណភាពនៃសេវាកម្ម និងបទពិសោធន៍របស់អ្នកដំណើរក៏ដោយ វានៅតែខ្វះសណ្ឋាគារប្រណីតនៅក្បែរអាកាសយានដ្ឋាន។ ព្រលានយន្តហោះ ឆាងជី របស់សង្ហិបុរី មានភាពល្បីល្បាញ ក៏ដោយសារតែសេវាកម្ម និងគ្រឿងបរិក្ខារទំនើបៗ, ការដើរទិញឥវ៉ាន់ដោយគ្មានជាប់ពន្ធ, ព្រៃទឹកភ្លៀង និងទឹកជ្រោះក្នុងព្រលានយន្តហោះ។
លើសពីនេះ ព្រលានយន្តហោះ ឆាងជី មានការត្រួតពិនិត្យ និងចុះឈ្មោះចូលដោយស្វ័យប្រវត្តិ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីដឹកជញ្ជូនអីវ៉ាន់។ ចំណែកអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ របស់ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី៧ ក្នុងបញ្ជីរបស់ស្ថាប័ន travel insurance provider AllClear។
ព្រលានយន្តហោះអន្តរជាតិឌូបៃ របស់អេមីរ៉ាត់អារ៉ាប់រួម បានចំណាត់ថ្នាក់ទី១ ក្នុងបញ្ជីអាកាសយានដ្ឋានប្រណិតបំផុតចំនួន២០ របស់ស្ថាប័ន travel insurance provider AllClear តាមពីក្រោយដោយព្រលានយន្តហោះ Heathrow របស់ចក្រភពអង់គ្លេស និងអាកាសយានដ្ឋានអន្តរជាតិដូហា ហាម៉េដ របស់ប្រទេសកាតា។
ដើម្បីចងក្រងបញ្ជីនេះ ស្ថាប័នរបស់អង់គ្លេសនេះ បានធ្វើការវិភាគទៅលើអាកាសយានដ្ឋានចំនួន ១,៨០០កន្លែងជុំវិញពិភពលោក ដោយផ្អែកលើកត្តាមួយចំនួន មានដូចជាចំនួនហាងនៅព្រលានយន្តហោះ, ទីតាំងនៅជិតសណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥, កន្លែងសម្រាក និងភាពងាយស្រួលជាច្រើនទៀតសម្រាប់អ្នកដំណើរ៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា
