វៀតណាម ទម្លាក់សង្ហិបុរីពីតំណែងប្រទេសមានព្រលានយន្តហោះបម្រើសេវា Wifi ល្អបំផុតទាំង២០ របស់ពិភពលោក

ហាណូយ៖ ព្រលានយន្តហោះអន្តរជាតិ ណយបៃ នៅទីក្រុងហាណូយ ជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណាត់ថ្នាក់អាកាសយានដ្ឋានចំនួន២០ ដែលមានសេវាអ៊ីនធឺណិតឥតខ្សែ ឬ Wifi ល្អបំផុតក្នុងពិភពលោក វ៉ាដាច់ព្រលានយន្តហោះ ឆាងជី របស់ប្រទេសសិង្ហបុរី និងអាកាសយានដ្ឋាន អ៊ីនឈ័ន របស់កូរ៉េខាងត្បូង។

ណយបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់វៀតណាម ទទួលបានចំណាត់ថ្នាក់ជាមធ្យម ៤.១៥ ក្នុងចំណោមចំណាត់ថ្នាក់ផ្កាយ៥ នេះបើយោងតាមការស្ទង់មតិដោយគេហទំព័រ Electronics Hub ដែលមានមូលដ្ឋាននៅឥណ្ឌា ដែលបានវិភាគចំណាត់ថ្នាក់កម្រិតផ្កាយ ទៅលើការតភ្ជាប់ Wifi ពីអ្នកធ្វើដំណើរនៅលើគេហទំព័រ Airlinequality.com (Skytrax )។

ចំណែកឯព្រលានយន្តហោះ ឆាងជី របស់សង្ហិបុរី បានជាប់ចំណាត់ថ្នាក់ទី៨ ជាមួយនឹងចំណាត់ថ្នាក់ជាមធ្យម ៤ និងព្រលានយន្តហោះ អ៊ីនឈ័ន របស់កូរ៉េខាងត្បូង បានជាប់ចំណាត់ថ្នាក់ទី១៣ ជាមួយនឹងចំណាត់ថ្នាក់ជាមធ្យម ៣.៧៤។

រីឯព្រលានយន្តហោះ ជូបហ្សាណា របស់ប្រទេសស្លូវេនី បានជាប់ចំណាត់ថ្នាក់ទី១ ជាអាកាសយានដ្ឋានមានសេវា Wifi ល្អបំផុតនៅលើពិភពលោក ដោយទទួលបានចំណាត់ថ្នាក់ជាមធ្យម ៤.៤៦ ក្នុងចំណោមចំណាត់ថ្នាក់ផ្កាយ៥។ ហើយព្រលានយន្តហោះ ហុងកុង ជាប់ចំណាត់ថ្នាក់ទី២ តាមពីក្រោយដោយព្រលានយន្តហោះ ហែលស៊ិនគី ក្នុងប្រទេសហ្វាំងឡង់ និងព្រលានយន្តហោះ ហាណេដា និង ណារីតា របស់ប្រទេសជប៉ុន។

នៅក្នុងខែកុម្ភៈ ព្រលានយន្តហោះ ណយបៃ ក៏បានវ៉ាដាច់ព្រលានយន្តហោះ ឆាងជី ក្លាយជាអាកាសយានដ្ឋានអន្តរជាតិល្អបំផុតរបស់ពិភពលោក សម្រាប់អ្នកធ្វើដំណើរអាជីវកម្ម ជាមួយនឹងការវាយតម្លៃជាមធ្យម ៦.៨ ក្នុងចំណោម ១០ នេះបើយោងតាមរបាយការណ៍ពីគេហទំព័រស្រាវជ្រាវហិរញ្ញវត្ថុ និងព័ត៌មានរបស់ចក្រភពអង់គ្លេស BusinessFinancing.co.uk។ ព្រលានយន្តហោះ ណយបៃ មានសមត្ថភាពដឹកអ្នកដំណើរបានចំនួន ២៥លាននាក់ក្នុងមួយឆ្នាំ៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner