ឈ្វេងយល់ពីប្រវត្តិនៃពិធិបុណ្យចូលឆ្នាំថ្មីឡាវ
វៀងចន្ទន៍៖ ដូចកម្ពុជា មីយ៉ាន់ម៉ា និងថៃដែរ ប្រទេសឡាវតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ជារៀងរាល់ឆ្នាំ។ ពិធីបុណ្យចូលឆ្នាំថ្មីរបស់ឡាវ ដែលគេអោយឈ្មោះថា Pi Mai ថែមទាំងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរដែរ ដោយសារតែប្រជាជនឡាវនឹងនាំគ្នាសែនព្រេន, ធ្វើបុណ្យទាននៅតាមទីវត្តអារាម, រៀបចំពិធីស្រង់ព្រះ, ពួនភ្នំខ្សាច់ និងធ្វើបុណ្យដាក់បាត្រជាដើម។ នេះបើតាមការចេញផ្សាយពីគេហទំព័រ www.tripsavvy។
គេហទំព័រនេះបានឱ្យដឹងទៀតថា មូលហេតុដែលនាំឱ្យប្រទេសឡាវប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ចំថ្ងៃដូចគ្នា ក៏ដោយសារតែឡាវក៏ជាប្រទេសដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែរ ដូច្នេះថ្ងៃចូលឆ្នាំឡាវត្រូវបានគណនាតាមប្រតិទិនព្រះពុទ្ធសាសនាដូចគ្នាដែរ និងបង្កប់នូវគុណតម្លៃសំខាន់ៗមួយចំនួន ដូចជាភាពស្រស់ស្រាយ, ភាពរុងរឿង, សុភមង្គល និងភាពបរិសុទ្ធ។ មានរឿងព្រេងនិទានមួយបានតំណាលតៗគ្នាថា ដើមកំណើតនៃបុណ្យចូលឆ្នាំថ្មីនៅប្រទេសឡាវ មានតាំងពីយូរយារណាស់មកហើយ ចាប់ផ្តើមដោយការប្រជែងផ្នែកបញ្ញារវាង Thammabane ជាកសិករឆ្លាតដែលចេះភាសាសត្វស្លាប និង Kabinlaphom ជាព្រះដែលប្រជាជនឡាវចាត់ទុកថា មានប្រាជ្ញាបំផុត។ Kabinlaphom ចង់សាកល្បងភាពវៃឆ្លាតរបស់ Thammabane ដោយសួរគាត់នូវសំណួរពិបាកៗចំនួន៣។ បន្ទាប់ពីទទួលបានចម្លើយចេញពីមាត់សត្វ ទីបំផុត Thammabane អាចរកឃើញចម្លើយទាំងនោះ។
ហើយជាលទ្ធផល Kabinlaphom ត្រូវបង្ខំចិត្តរក្សាការសន្យា ដោយកាត់ក្បាលខ្លួនឯង។ មុនពេលគាត់ស្លាប់ គាត់បានណែនាំកូនស្រីទាំង៧របស់គាត់ ដែលតំណាងឱ្យរយៈពេល ៧ថ្ងៃ ឬមួយសប្តាហ៍ ធានាថា ក្បាលរបស់គាត់ត្រូវបានថែរក្សាដោយប្រុងប្រយ័ត្ន។ ហេតុនេះហើយ ទើបជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅប្រទេសឡាវ តួអង្គកូនស្រីទាំង៧របស់ព្រះអង្គ Kabinlaphom តែងតែទៅទីសក្ការៈបូជា ដើម្បីលាងមុខឪពុក និងធ្វើពិធីងូតទឹក ដើម្បីបួងសួងសុំសេចក្តីសុខ និងសុភមង្គលក្នុងឆ្នាំថ្មី។ ដូច្នេះហើយ មុននឹងប្រោះទឹកគ្នា ប្រជាជនឡាវតែងជូនពរឲ្យមានសុភមង្គល និងភាពចម្រុងចម្រើន។ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រជាជនឡាវតែងតែជឿជាក់ថា វិញ្ញាណចាស់នឹងចាកចេញ ហើយព្រលឹងថ្មីនឹងចូលមកជំនួស។
ដូច្នេះហើយទើបប្រជាជនឡាវនាំគ្នាលាងសម្អាតព្រះពុទ្ធរូបនៅក្នុងវិហារ និងតាមទីវត្តអារ៉ាម ហើយគេនាំគ្នាយកបាច់ផ្កា ឬកម្រងផ្កាម្លិះ ទៅដាក់ថ្វាយព្រះ។
ថ្ងៃចូលឆ្នាំទី១ ហៅថា ថ្ងៃចាប់ផ្តើមពិធិបុណ្យប្រោះព្រុំទឹក៖ ប្រជាជនឡាវនឹងចាប់ផ្តើមប្រារព្ធពិធីប្រោះព្រុំទឹក ក្នុងអត្ថន័យលាងជំនះភាពឧបទ្រុពចង្រៃ និងជំងឺដង្កាត់នានា ស្វាគមន៍ការមកដល់នៃឆ្នាំថ្មីដ៏រុងរឿង និងមានសុខភាពល្អ។ ប្រជាជនឡាវក៏ធ្វើការសម្អាតផ្ទះសម្បែង ព្រះវិហារ និងប្រាសាទនានា ដោយលាបថ្នាំពណ៌ថ្មី និងប្រមូលផ្កាមានក្លិនក្រអូបធ្វើជាទឹកអប់ ដើម្បីលាប និងប្រោះព្រុំលើព្រះពុទ្ធរូប និងដើមឈើព្រះពុទ្ធសាសនាជាដើម ក្នុងបំណងបង្កើតសេរីសួស្តីដល់គេហដ្ឋាន និងទទួលពរជ័យពីវត្ថុសក្តិសិទ្ធិ។ ថ្ងៃចូលឆ្នាំទី២ ហៅថា ពិធីបុណ្យប្រោះព្រុំទឹកដ៏ពិសិដ្ឋ៖ តំណាងឱ្យការផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មី ដោយប្រជាជនឡាវនឹងប្រារព្ធពិធីលេងកំសាន្តសប្បាយជាច្រើន រួមមាន៖ ការវាយស្គរ ការលេងបាញ់ទឹក លាបម៉្សៅ និងរាំច្រៀងតាមចង្វាក់ប្រពៃណីជាដើម។
ថ្ងៃចូលឆ្នាំទី៣ ហៅថា ពិធីបួងសួងសុំសិរីសួស្តីក្នុងក្រុមគ្រួសារ៖ ប្រជាជនឡាវនឹងជួបជុំក្រុមគ្រួសារសាច់ញាតិ ដើម្បីរៀបចំពិធីសូត្រមន្តតាមបែបប្រពៃណី។ បន្ទាប់មកសមាជិកវ័យក្មេងនឹងស្រោចទឹកឱ្យមនុស្សចាស់ដែលត្រូវជាសាច់ញាតិរបស់ពួកគេ និងជូនពរឱ្យមានអាយុយឺនយូរ និងមានសុខភាពល្អ ខណៈដែលចាស់ទុំក៏នពរជ័យត្រឡប់មកក្មេងវិញដែរ។
រឿងសំខាន់មួយទៀត គឺការពួនប្រាសាទខ្សាច់តំណាងឱ្យភ្នំ Phoukaokailat ដើម្បីរៀបចំពិស្រោចទឹក និងបាញ់ទឹកអប់ សុំសេចក្តីសុខ ភាពចម្រុងចម្រើន សុខភាពល្អ និងការការពារពីវិញ្ញាណអាក្រក់នៅពេលចូលឆ្នាំថ្មី។ ហើយថ្ងៃចុងក្រោយ គឺថ្ងៃទី១៦ ខែមេសា ជាថ្ងៃចូលឆ្នាំឡាវត្រូវបានបញ្ចប់ជាផ្លូវការ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ vietnamparadisetravel។ សារព័ត៌មាន laotiantimes បានចេញផ្សាយថា រដ្ឋបាលរដ្ឋធានីវៀងចន្ទន៍ ដែលជាបេះដូងរបស់ប្រទេសឡាវ បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួន ឱ្យចូលរួមសហការអនុវត្តវិធានការសន្តិសុខ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវខាងមុខនេះ។
ថ្ងៃចូលឆ្នាំប្រពៃណីឡាវ ក៏ដូចនឹងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរផងដែរ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។ សេចក្តីណែនាំសម្រាប់ឆ្នាំថ្មីដាក់ចេញនោះ គឺដើម្បីធានាសុវត្ថិភាព និងការគោរពដល់ទំនៀមទម្លាប់ប្រពៃណីផង។ នៅក្នុងខ្លឹមសារសេចក្តីណែនាំ ក្នុងនោះមានការហាមប្រាមការលេងទឹកក្នុងរូបភាពមួយចំនួន ដូចជាមិនឲ្យប្រើប្រាស់ទឹកកខ្វក់ ទឹកកក ស៊ីទែនទឹកធំៗ ហាមឃាត់ការស្លៀកសម្លៀកបំពាក់មិនសមរម្យ ក៏ដូចជាការបង្កសំឡេងកងរំពងរំខានដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ និងហាមប្រាមលើការដុតផាវ ឬគ្រឿងផ្ទុះមួយចំនួនផងដែរ។
ដោយឡែក អ្នកបើកបរយានជំនិះទាំងឡាយ នឹងត្រូវហាមឃាត់ពីការប្រើប្រាស់គ្រឿងស្រវឹងនៅតំបន់មួយចំនួន ចំណែកតម្លៃទំនិញតាមហាងលក់តម្រូវមិនឲ្យឡើងថ្លៃនៅឱកាសបុណ្យចូលឆ្នាំទេ។
ការបំពានសេចក្តីណែនាំនេះ នឹងត្រូវទទួលទោស មិនថាជនជាតិឡាវ ឬបរទេស គឺត្រូវពិន័យ ដូចជាការហៅណែនាំ ការពិន័យទឹកប្រាក់ និងឃាត់ខ្លួនអាស្រ័យកម្រិតល្មើស ហើយប៉ូលិស និងដាក់ពង្រាយនៅតាមតំបន់គោលដៅសំខាន់ៗ ដើម្បីត្រៀមបង្ការហានិភ័យបទល្មើស ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ។ តាមរយៈការអនុវត្តវិធានការនេះ សាធារណៈជនដែលប្រារព្ធពិធីចូលឆ្នាំថ្មីឡាវនឹងទទួលបានភាពរីករាយ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងរដ្ឋធានីវៀងចន្ទន៍៕ ប្រភព៖ tripsavvy , vietnamparadisetravel និង laotiantimes ប្រែសម្រួលដោយ ៖ ឈឹម ទីណា