ឈ្វេងយល់ពីប្រវត្តិនៃពិធិបុណ្យចូលឆ្នាំថ្មីមីយ៉ាន់ម៉ា
ណៃពិដោ៖ សម្រាប់ពិធីចូលឆ្នាំថ្មី នៅមីយ៉ាន់ម៉ា ឬ ភូមាវិញ បណ្តាញសារព័ត៌មាននានា បានចុះផ្សាយថា ប្រជាជន បុណ្យចូលឆ្នាំថ្មី Thingyan ដែលចាប់ផ្តើមពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា។ ពិធីនេះ ជាការបញ្ជាក់ពីការបញ្ចប់រដូវក្តៅ ឬរដូវប្រាំង ក៏ដូចជាការជម្រះរឿងរ៉ាវអាក្រក់ៗនៅក្នុងឆ្នាំចាស់។
ប្រជាជនមីយ៉ាន់ម៉ា មានការការស្រង់ទឹកចំពោះព្រះពុទ្ធបដិមា រួមទាំងការសម្អាតវត្តអារាម និងការបួងសួងផ្សេងៗនៅពេលថ្ងៃ។ ចំណែកនៅពេលយប់ ប្រជាជនមីយ៉ាន់ម៉ា តែងរាំ និងច្រៀងកម្សាន្ត ដើម្បីអបអរឆ្នាំថ្មី។ ប្រជាជនមីយ៉ាន់ម៉ាជឿថា ទេវតា Thagya Min នឹងចុះឋានសួគ៌មកផែនដី។ ក្នុងថ្ងៃនេះ ប្រជាជន ចាប់ផ្តើមជះទឹក នៅតាមដងផ្លូវ និងវិថីផ្សេងៗ ដោយជឿថា ទឹកនឹងអាចជួយដោះស្រាយបញ្ហាផ្សេងទៀត និងនាំឧបទ្រពផ្សេងៗទៅជាមួយ ហើយនាំសំណាងល្អ និងរឿងរ៉ាវល្អៗមកវិញ។ ប្រជាជនមានវ័យក្មេងៗ និងស្រង់ទឹកចំពោះមនុស្សចាស់ ម្តាយឪពុក និងយាយតារបស់ខ្លួន ក៏ដូចជា លាងសម្អាតសក់ និងកាត់ក្រចកដៃ ដើម្បីជាការគោរព និងទទួលបានសំណាងល្អ។ មិនតែប៉ុណ្ណោះ ប្រជាជនតែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងស្រង់ព្រះពុទ្ធបដិមានៅក្នុងថ្ងៃចុងក្រោយនេះផង។
បើយោងតាមគេហំព័រ Bestpricetravel បានចេញផ្សាយថា ប្រវត្តិនៃពិធីបុណ្យចូលឆ្នាំ នៅភូមា មានតាំងពីយូរយារណាស់មកហើយ មានប្រភពមកពីពុទ្ធសាសនា នៃទេវកថា ហិណ្ឌូ។ ប្រទេសមីយ៉ាន់ម៉ា បើទោះបីជាខ្លួនកំពុងមានជម្លោះប្រដាប់អាវុធស៊ីវិល តាំងពីពួកយោធា ឬរបបសឹក បានធ្វើរដ្ឋប្រហារទម្លាក់របបស៊ីវិល នាប៉ុន្មានចុងក្រោយនេះ ហើយក្រុមបះបោរបានរើបម្រាស់ប្រឆាំងនឹងពួកយោធា រហូតមកដល់ឆ្នាំ២០២៤នេះ ក៏ដោយ ក៏ប្រទេសមួយនេះ មិនបំភ្លេចទេ ហើយថែមទាំងត្រៀមរៀបចំឲ្យធំដុំទៀតផង។
បើតាមគេហទំព័រ The Star បានចេញផ្សាយថា ប្រទេសមួយនេះ បានស្នើដាក់បុណ្យ Thingyan នេះ ទៅក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោក UNESCO ក្នុងខែមីនា ឆ្នាំ២០២៣ ហើយការអនុម័តផ្លូវការ អាចនឹងកើតឡើងនៅចុងឆ្នាំ២០២៤ នេះបើតាមការប្រកាសរបស់នាយកសារមន្ទីរជាតិមីយ៉ាន់ម៉ា Nay Pyi Taw។ មីយ៉ាន់ម៉ា ចាត់ទុក ពិធីបុណ្យ Thingyan ដែលជាពិធីបុណ្យប្រចាំឆ្នាំដ៏សំខាន់បំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានប្រារព្ធឡើង តាំងពីបុរាណកាលមក។ ជាពិសេស នៅឆ្នាំ២០២៤នេះ ដើម្បីអបអរសាទរ រដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ាបានប្រកាសថា នឹងអញ្ជើញតារាចម្រៀងកូរ៉េ K-pop កំពូលៗ និងសិល្បករល្បីៗមកពីអាស៊ី មកចូលរួមញុំាងឲ្យកម្មវិធីបុណ្យចូលឆ្នាំថ្មី សប្បាយរីករាយ កាន់តែខ្លាំងថែមទៀតផង។
យ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ២០២៤នេះ មានការសង្ស័យពីការចូលរួមរបស់យុវជន ខណៈដែលរដ្ឋាភិបាលយោធា មានផែនការប្រមូលយុវជន ធ្វើជាទាហាន យ៉ាងហោចណាស់ បីឆ្នាំ នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីជាការបង្កើនកម្លាំងទប់ទល់នឹងពួកបះបោរ នេះបើតាមការចេញផ្សាយរបស់ DVB News ។ យ៉ាងណាមិញ មិនដល់ពេលនេះ ពុំទាន់មានក្រុមណាមួយ ចេញមុខធ្វើពហិការ មិនចូលរួមលេងកម្សាន្តក្នុងពេលបុណ្យចូលឆ្នាំថ្មី ក្រោមរដ្ឋបាលរបស់របបសឹកនៅឡើយទេ៕ ប្រភព៖ Bestpricetravel និង The Star ប្រែសម្រួលដោយ៖ លន់ សារ៉ាត
