ពលរដ្ឋយ៉ាងច្រើនកុះករមកកម្សាន្ដយ៉ាងសប្បាយរីករាយនៅតំបន់រមណីយដ្ឋានវត្តភ្នំ
ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១នៃ ពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបើទោះបីជា ពិធីចូលឆ្នាំថ្មី ជាផ្លូវការ នៅអាធ្រាត្រនៃថ្ងៃទី១៣ខែមេសាក៏ដោយក៏នៅពេល មាន ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាមកកម្សាន្ដយ៉ាងសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព នៅតំបន់រមណីយដ្ឋាន ប្រវត្តិសាស្ដ្រវត្តភ្នំ ក្នុងកម្មវិធី «សង្ក្រាន្ដវត្តភ្នំ» ដែលរៀបចំដោយ រដ្ឋបាលរាជធានីភ្នំពេញ ។
អាជ្ញាធរខណ្ឌដូនពេញ បានប្រាប់អ្នកយកព័ត៌មានតាម សារ អេឡេចត្រូនិកថា ចាប់ពីរសៀលថ្ងៃទី១៣ ខែមេសា រហូតដល់យប់ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករទាំងពលរដ្ឋខ្មែរ ទាំងជនជាតិបរទេស មកពីគ្រប់មជ្ឈដ្ឋាន បានមកលេងកម្សាន្ដយ៉ាងសប្បាយរីករាយ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ដែលបានរៀបចំ «សង្ក្រាន្ដវត្តភ្នំ» ។
មន្ត្រីអាជ្ញាធរខណ្ឌដែលបានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ កម្លាំងសមត្ថកិច្ចចម្រុះ ត្រូវបានដាក់ ពង្រាយ នៅតំបន់នេះដូចគ្នា ដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅធានាឱ្យកម្មវិធី សប្បាយនេះ បានប្រព្រឹត្តទៅដោយរលូន។
ស្រ្តីចំណាស់ពីររូប មកពីម្ដុំទឹកថ្លា បានបង្ហាញអារម្មណ៍រំភើប រីករាយ។ស្រ្តីទាំងពីរនាក់លើកឡើងថា ពួកគាត់ចាស់ហើយ តែពួកគាត់ចង់មើលការរីកចម្រើន របស់ប្រទេសអភិវឌ្ឍន៍ ដល់ណាហើយ ។ ពេលឃើញទិដ្ឋភាពក្មេងៗដើរលេងសប្បាយ ។ដូច្នេះពួកគាត់ ក៏សប្បាយប្លែក ហើយរំភើប និងឃើញ ស្រុកទេស របស់យើង មានការអភិវឌ្ឍរីកចម្រើនមែន ។
ស្រ្តីដដែលបានបន្តថា កាលពីសម័យប៉ុលពត គ្មានភាពសប្បាយ នរីករាយដូចនេះទេ។ ព្រោះមើលឃើញតែភាពងងឹត គ្មានឡើយ ព្រះពុទ្ធសាសនា ។យើងអត់បានចូលវត្ត ។គ្មានសិទ្ធសេរីភាព តែ ដល់ពេលឥឡូវនេះ ដោយសុខសន្តិភាព និងការរីកចម្រើន និងឃើញ ក្មេងៗលេងចឹង ពួកគាត់មានក្ដីសប្បាយរីករាយ និងសង្ឃឹមមុតមាំថា ទៅថ្ងៃមុខទៀត ប្រទេសជាតិយើង មានអ្នកដឹកនាំត្រឹមត្រូវអ៊ីចឹង រឹតតែល្អថែមទៀត ។
ស្រ្តីទាំងពីររូប ចង់ឃើញយុវជនជំនាន់ក្រោយ លេងល្បែង ប្រជា ប្រិយរបស់ប្រពៃណីយើងពីដើមដូចជា លេងបោះអង្គញ់, ចោល ឈូង, លាក់កន្សែង ជាដើម ។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ «សង្ក្រាន្ដវត្ដភ្នំ» រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ក្នុងនោះ មានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញ ព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូន ខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេង កម្សាន្ត ការតាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ ។
ជាមួយគ្នានេះ ដើម្បីឱ្យការរៀបចំកម្មវិធីអបអរសាទរ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រព្រឹត្តទៅដោយរលូន រក្សាបាន នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការ កកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ច បានរៀបចំចំណតយានយន្តសម្រាប់អ្នកចូលរួមកម្មវិធីសង្ក្រាន្តវត្តភ្នំ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាផងដែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត









