មេដឹកនាំពិភពលោកជំរុញឱ្យអត់ធ្មត់ ក្រោយអ៊ីរ៉ង់វាយប្រហារមិនធ្លាប់មានលើអ៊ីស្រាអែល
ហ៊្សេរុយសាឡិម: មេដឹកនាំពិភពលោក នៅថ្ងៃអាទិត្យនេះ បានជំរុញឱ្យមានការអត់ធ្មត់ បន្ទាប់ពីអ៉ីរ៉ង់បានបើកការវាយប្រហារមិនធ្លាប់មាន ដោយយន្តហោះដ្រូន និងមីស៊ីលលើអ៉ីស្រាអែល ដែលបង្កអោយមានការថ្កោលទោស និងការភ័យខ្លាចជម្លោះកាន់តែរាលដាលធំឡើង។
ការវាយលុកពេញមួយយប់របស់អ៊ីរ៉ង់ ចាប់តាំងពីល្ងាចថ្ងៃសៅរ៍ គឺជាការវាយលុកដោយផ្ទាល់លើកដំបូងលើទឹកដីអ៊ីស្រាអែល ហើយក៏ជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវរបស់អ៉ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់អ៉ីរ៉ង់ប្រចាំរដ្ឋធានីរបស់ប្រទេសស៊ីរី។ គិតមកទល់ពេលនេះ អ៉ីរ៉ង់នៅតែមិនទាន់ច្បាស់ ថាតើអ៊ីស្រាអែលនឹងឆ្លើយតបយ៉ាងណា ចំពោះការវាយប្រហារនេះនោះទេ។
ប៉ុន្តែប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ក៏បានព្រមានអ៊ីស្រាអែល ប្រឆាំងនឹងការសងសឹកដោយមិនប្រុងប្រយ័ត្នណាមួយ ដោយនិយាយថា អ៊ីស្រាអែលនឹងប្រឈមមុខនូវការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងខ្លាំងជាងមុន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយថា ទីក្រុងតេហេរ៉ង់បានជូនដំណឹងដល់រដ្ឋជិតខាង មុនការវាយប្រហារនៅថ្ងៃសៅរ៍ ដោយសង្កត់ធ្ងន់ថា គោលបំណងរបស់ខ្លួនគឺដាក់ទណ្ឌកម្មរបបអ៊ីស្រាអែល។ ចំណែកប្រទេសស៊ីរីក៏បាននិយាយនៅថ្ងៃអាទិត្យនេះដែរថា អ៊ីរ៉ង់បានអនុវត្តសិទ្ធិការពារខ្លួនរបស់ពួកគេ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយនៅក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC នៅថ្ងៃអាទិត្យនេះថា យើងមិនចង់ឃើញការកើនឡើងភាពតានតឹងបែបនេះទេ។ យើងមិនស្វែងរកសង្រ្គាមកាន់តែទូលំទូលាយជាមួយអ៊ីរ៉ង់ទេ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា យុទ្ធនាការប្រយុទ្ធនៅមិនទាន់ចប់នៅឡើយទេ យើងត្រូវប្រុងប្រយ័ត្ន។
អ៊ីរ៉ង់បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់ខ្លួនធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសកាលពីថ្ងៃទី០១ ខែមេសា ទៅលើអគារស្ថានកុងស៊ុលរបស់អ៉ីរ៉ង់នៅទីក្រុង ដាម៉ាស់ ដែលជាការវាយប្រហារយ៉ាងទូលំទូលាយទៅលើអ៊ីស្រាអែល៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា