សង្ក្រាន្តអូររាំងឪ នៅទន្លេស្ងួត ក្នុងថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋសប្បាយរីករាយយ៉ាងកុះករ ក្រោមម្លប់នៃសុខសន្តិភាព
(ខេត្តត្បូងឃ្មុំ)៖ ព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪឆ្នាំ២០២៤ នាថ្ងៃវារៈវ័នបត ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ត្រូវជាថ្ងៃទី០២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅឧទ្យានទន្លេស្ងួត ភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រជា ពលរដ្ឋមកពីគ្រប់ទិសទី ច្រើនកុះករ បានចូលរួមសាទរ និងលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពោរពេញដោយភាពរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ។
ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកអូររាំងឪ និងសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៤ ដោយបានបង្កើតឱ្យមានកម្មវិធីប្រគំតន្រ្តីដ៏ធំអស្ចារ្យ ចូលរួមពីតារាល្បីៗ នៅក្នុង ប្រទេសកម្ពុជា ការតាំងពិព័រណ៍ផលិតផលមូលដ្ឋាន ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ ការល្បែងប្រជាប្រិយគ្រប់ទម្រង់ ការជិះទោងកម្សាន្ត ការប្រកួតកីឡា ការទស្សនា ឧទ្យានទន្លេស្ងួត សួនផ្កាស្បៃរឿង ១លានគុម្ព ការរាំកម្សាន្តតាមចង្វាក់ប្រពៃណីជាតិ និងកម្មវិធីកម្សាន្តផ្សេងៗទៀត នៅតំបន់ឧទ្យានទន្លេស្ងួត នៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រយៈពេល ៥ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤នេះ ប្រារព្ធធ្វើឡើងនៅថ្ងៃ ទី១៣-១៤-១៥-១៦ ខែមេសា ដែលទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ នៃស្ដេចកុបិល្លមហាព្រហ្ម ៕
ដោយ / គ្រី សម្បត្តិ









