អាមេរិកមិនគាំទ្រឲ្យអ៊ីស្រាអែល សងសឹកនឹងអ៊ីរ៉ង់
បរទេស៖ ភ្លាមៗ ក្រោយពេលអ៊ីរ៉ង់បញ្ជាដ្រូនវាយប្រហារលើប្រទេសអ៊ីស្រាអែល សហរដ្ឋអាមេរិកបានបង្ហាញជំហរមិនគាំទ្រឲ្យអ៊ីស្រាអែលសងសឹកនោះទេ ដោយបារម្ភពីស្ថានភាព កាន់តានតឹង។
កាលពីល្ងាចថ្ងៃសៅរ៍ អ៊ីរ៉ង់បានវាយប្រហារ ដ៏កម្រលើអ៊ីស្រាអែល ដែលជាសត្រូវចាស់របស់ខ្លួន ក្នុងនោះ មានការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ជាង ៣០០ គ្រឿង។ អ៊ីរ៉ង់អះអាងថា ការវាយប្រហារនេះ ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាស កាលពីថ្ងៃទី ១ ខែមេសា ទៅលើអគារស្ថានកុងស៊ុលរបស់ខ្លួន នៅប្រទេសស៊ីរី ហើយគេជឿថា ជាស្នាដៃរបស់អ៊ីស្រាអែល។
សហរដ្ឋអាមេរិកបាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្លួននឹងមិនចូលរួមការវាយប្រហារសងសឹកណាមួយ របស់អ៊ីស្រាអែល លើអ៊ីរ៉ង់នោះទេ។ ប្រធានាធិបតីអាមេរិក លោក Joe Biden ថែមទាំងបានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឱ្យគិតគូដោយប្រុងប្រយ័ត្ន អំពីការកើនឡើងនៃភាពតានតឹង។
ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា តំបន់មជ្ឈិមបូព៌ា និង ពិភពលោកមិនអាចមានលទ្ធភាព ទប់ទល់នឹងសង្រ្គាមបន្ថែមទៀតបានទេ ដោយគេដឹងថា សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ នៅហ្គាហ្សា ស្លាប់មនុស្សរាប់ម៉ឺននាក់ បានអូសបន្លាយជាង៦ខែមកហើយនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត