“តំបន់ត្រជាក់ចិត្ត” សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៤ទាក់ទាញអ្នកទៅកម្សាន្តរាប់ម៉ឺននាក់
បាត់ដំបង៖ សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៤នេះ ពោរពេញទៅដោយមនុស្សម្នាយ៉ាងច្រើនកកកុញ កើនលើសឆ្នាំកន្លងទៅ ។មន្រ្តីបានអះអាងថា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៣និងទី១៤ ខែមេសា នេះ មានភ្ញៀវជាតិ អន្តរជាតិប្រមាណជាងកន្លះលាននាក់បានមកកម្សាន្តតាមបណ្តារមណីយដ្ឋានគោលដៅទេសចរណ៍នានាក្នុងខេត្ត និងទីតាំងសង្ក្រាន្តបាត់ដំបង។ពិសេនៅក្នុង “តំបន់ត្រជាក់ចិត្ត” ទាញថ្ពក់អារម្មណ៍ភ្ញៀវបានច្រើនជាងគេរហូតរាប់ម៉ឺននាក់ ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ទូរទស្សន៍អប្សរានៅព្រឹកថ្ងៃចន្ទទី១៥ ខែ មេសានេះថា ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី១៣ -១៤ ខែមេសា ចំនួនភ្ញៀវទេសចរសរុបជាង ៥៥ម៉ឺននាក់។ ក្នុងនោះភ្ញៀវអន្តរជាតិជាង ១ ២០០នាក់បានមកកម្សាន្តនៅតាមបណ្តារមណីយដ្ឋានគោលដៅទេសចរណ៍ និងនៅក្នុងទីតាំងគោលដៅព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៤ដ៏កក្រើកផងដែរ។
លោក ហម អរុណ បន្ថែមថា “សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៤នេះ ទាក់ទាញបាននូវរំហូរទេសចរមកកម្សាន្តក្នុងខេត្ត បាត់ដំបងកាន់តែច្រើនឡើង។អ្វីដែលទាក់ទាញនិងពេញនិយម មិនអាចមើលរំលងបាន គឺ”តំបន់ត្រជាក់ចិត្ត”ដែលត្រូវបានរៀបចំឡើង។ តំបន់ត្រជាក់ចិត្ត ភ្ញៀវអាចលេងជាមួយការបាញ់ទឹកពពុះសាប៊ូ និងរាំលេងជាមួយចង្វាក់បទភ្លេង
កន្រ្តាក់អារម្មណ៍។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៤នេះ បានចាប់ផ្តើមតាំងពី ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ខែមេសានាតាមបណ្តោយវិថីសម្តេចក្រឡាហោម សខេង ,នៅក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងបរិវេណខាងមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង អតីតសាលាខេត្តចាស់។ ព្រឹត្តិការណ៍នេះក្នុងគោលបំណងដើម្បីបង្កើតនូវ បរិយាកាសដ៏សប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តនិងភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងឱកាសប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង។
តាមរយៈព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនេះដែរ ក៏ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ទំនៀមទម្លាប់ល្អផូរផង់ ពីបុរមបុរាណ ។ជាពិសេសក៏ចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិ ឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានាដែលមាននៅក្នុងខេត្តបាត់ដំបង តាមរយៈការរៀបចំការដាក់តាំងបង្ហាញ នូវផលិតផល តាមបណ្តាក្រុង ស្រុកទាំង១៤របស់ខេត្ត ,ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ។នៅពេលរាត្រីមានការប្រគំតន្ត្រី ការប្រកួតកីឡាប្រដាល់គុនខ្មែរ ,ការបាញ់កាំជ្រួច ព្រមទាំងមានការតុបតែងលម្អភ្លើងចម្រុះពណ៌នៅក្នុង ក្រុង-ខេត្តបាត់ដំបងទៀតផង៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)