ថ្ងៃទី២នៃបុណ្យចូលឆ្នាំថ្មី :ទេសចរជាតិ និងអន្តរជាតិជិត៤០ ម៉ឺននាក់មកកម្សាន្តនៅខេត្តកំពត
កំពត៖ មន្ត្រីជំនាញបានបញ្ជាក់ថា មកដល់ពេលនេះភ្ញៀវទេសចរនៅតែសម្រុកចូលមកកម្សាន្តខេត្តកំពតកាន់តែច្រើន ខណៈកាលពីថ្ងៃទី១៤ ខែមេសាម្សិលមិញភ្ញៀវជាតិ និងអន្តរជាតិជិត៤០ម៉ឺននាក់បានមកសម្រាក និងកម្សាន្ត។ ភ្ញៀវទេសចរបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយចំពោះការរៀបចំសង្ក្រាន្តឆ្នាំនេះ ។
អាន:ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឳ្យដឹងថា ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែឆ្នាំនេះ ខេត្តកំពតមានការរៀបចំបានល្អ ក្រៅពីមានសមិទ្ធផលថ្មី អាជ្ញាធរខេត្តបានរៀបចំតុបតែងធ្វើកំពតសង្ក្រាន្ត ទាក់ភ្នែកធ្វើឲ្យទេសចរដែលបានឃើញតាមបណ្តាញផ្សព្វផ្សាយហើយចង់មកលេងផ្ទាល់។ លោកបន្តថានមកដល់ពេលនេះ ភ្ញៀវទេសចរនៅតែបន្តសម្រុកចូលមកលេងខេត្តកំពតកាន់តែច្រើន ខណៈដែលកាលពីថ្ងៃទី១៤ ខែមេសាម្សិលមិញ ភ្ញៀវជាតិ និងអន្តរជាតិជិត ៤០ម៉ឺននាក់បានមកដើរកម្សាន្ត រួចមកហើយ។ ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ពុំមានការកកស្ទះចរាចរណ៍ ឬបញ្ហាណាមួយទេកើតឡើងទេ ។ ចំពោះកន្លែងស្នាក់នៅ និងអាហារហូបចុក ពុំមានការដំឡើងថ្លៃទេ ហើយអាចឆ្លើយតបបាន ទៅតាមតម្រូវការភ្ញៀវ ។ ជារួមស្ថានភាពទេសចរនៅខេត្តកំពតល្អប្រសើរគ្មានអ្វីគួរឲ្យកក់សម្គាល់ឡើយ។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិសប្បាយខ្ញៀវខ្ញា ក្នុងការលេងល្បែងប្រជាប្រិយផ្សេងៗ និងការលេងបាញ់ទឹកជាដើម។
ទន្ទឹមគ្នានេះដែរ ភ្ញៀវទេសចរដែលបានមកលេងខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងបានបញ្ជាក់ថា ខេត្តកំពតស្អាត មានកន្លែងដើរលេងច្រើន ហើយអាជ្ញាធររៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗបានល្អ ចំណែកសន្តិសុខ សណ្តាប់ធ្នាប់ល្អ កងកម្លាំងចាំជួយសម្រួលគ្រប់កន្លែង ហើយអ្វីដែលថ្មីប្លែកនិងជាគោលដៅរបស់ភ្ញៀវមកកំពតក្នុងឆ្នាំនេះគឺរូបសំណាកសេះសមុទ្របាញ់ទឹក ។
ទេសចរថា ចំនួនភ្ញៀវទេសចរមកលេងខេត្តកំពតច្រើន ក៏ដោយសារប្រទេសមានសុខសន្តិភាព ពលរដ្ឋមានជីវភាពធូរធារ ទើបមានលទ្ធភាពដើរលេងច្រើន។
សម្រាប់ថ្ងៃទី៣នេះ បើតាមការរំពឺងទុករបស់មន្ត្រីជំនាញថា នឹងមានទេសចរមកលេងកំពតកាន់តែច្រើនបន្ថែមទៀត ខណៈដែលកម្មវិធីកម្សាន្តសប្បាយផ្សេងៗមានការលេងល្បែងប្រជាប្រិយផ្សេងៗ ការប្រគុំតន្ត្រីខ្នាតធំ ធម្យម រហូតដល់ការរាំស្គដៃនៅតាមបណ្តោយឆ្នេរ ត្រូវបានរៀបចំលេងចាប់ពីរនេះទៅជាបណ្តើរៗនោះ ៕
ដោយ÷សិលា សារិន