សួន«រុក្ខជាតិអង្គរកំពុង ទាក់ទាញភ្ញៀវទេសចរ ចូលកម្សាន្ត នៅក្នុងអំឡុងចូលឆ្នាំ២០២៤នេះ
( ខេត្តសៀមរាប)៖ សួន«រុក្ខជាតិអង្គរ»ជាទីរមណីយដ្ឋានកែច្នៃមួយ ក្នុងក្រុងសៀមរាបខេត្តសៀមរាប ដែលមានទំហំ ជាង ១៥ហិកតាបានក្លាយជាទីកន្លែងគោលដៅទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ប្រាង្គប្រាសាទ ក្នុងទឹកដី ខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាឆ្នាំ២០២៤នេះ ។
រយៈពេល ៣ថ្ងៃមកនេះពោលគឺចាប់ពីថ្ងៃទី ១៣ដល់ព្រឹកថ្ងៃទី ១៥ ខែ មេសា ឆ្នាំ២០២៤ បានទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនរាប់សិបនាក់បានចូលទស្សនា ។ សួនរុក្ខជាតិមួយកន្លែងនេះមិនមានលក់សំបុត្រឬតម្រូវឱ្យបង់ប្រាក់កាសសម្រាប់ចូលទស្សនាឡើយ ។
សួនរុក្ខជាតិអង្គរស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ដែលនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត។សួនកន្លែងថ្មីនេះបានរៀបចំកែលម្អដោយមានដាំរុក្ខជាតិរាប់ម៉ឺនដើម និងផ្កាចម្រុះជាង៥០០ប្រភេទ ។ ក្រៅពីនេះក៏មានសួនសត្វ ហាងកាហ្វេសម្រាប់ភ្ញៀវទេសចរកម្សាន្ត និងឈប់សម្រាកលំហែកាយថែមទៀត ។
«សួនរុក្ខជាតិអង្គរ» មានផ្កាដ៏ស្រស់ស្អាតរង់ចាំឱ្យទស្សនារៀងរាល់ថ្ងៃ និងក្រៅពីនេះក៏មានសត្វជាច្រើនប្រភេទសម្រាប់ទស្សនាថែមទៀត ។ សួន ផ្កាស្មៅ ដើមឈើហូបផ្លែ និងបន្លែចម្រុះពូជជាច្រើន ត្រូវបានដាំជា ៥ផ្នែកផ្សេងគ្នា សម្រាប់ទទួលភ្ញៀវទេសចរចូលកម្សាន្ត និងថតរូប ។
សួនរុក្ខជាតិអង្គរ ជារមណីយដ្ឋានទេសចរណ៍កែច្នៃមួយដែល មានទំហំជាង១៥ហិកតា ដោយជួយឱ្យភ្ញៀវទេសចរចូលកម្សាន្តមិនចេះនឿយណាយ និងអមជាមួយទេសភាពស្រស់ត្រកាល ពីដើមឈើ ផ្កា ដ៏ស្រស់ស្អាតនិងថតរូបភាពជាអនុស្សាវរីយ៍មិនចេះឆ្អែត ។
កញ្ញា ហុង សុស៊ីណែត ជាបុគ្គលិកមើលការខុសត្រូវលើផ្នែកសេវាកម្មភ្ញៀវទេសចរមួយរូបប្រចាំនៅសួនរុក្ខជាតិអង្គរបានឱ្យដឹងថាក្នុងរយៈពេល៣ថ្ងៃពោលគឺចាប់ពីថ្ងៃទី ១៣ដល់ព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៤នេះមានភ្ញៀវទេសចរចូលមកកម្សាន្តសួនរុក្ខជាតិអង្គរ»ចំនួនជាង១ពាន់នាក់ហើយ។ភ្ញៀវទេសចរមិនថាក្នុងស្រុកឬក្រៅប្រទេសទេ ក្រៅពីដើរកម្សាន្តតាមប្រាសាទនានាហើយពួកគាត់ក៏មិនភ្លេចទេ ក្នុងការចូលមកកម្សាន្តសួងរុក្ខជាតិអង្គរនេះផងដែរ ។
កញ្ញារូបនេះបានលើកឡើងដោយបញ្ជាក់ប្រាប់បន្ថែមថា ៖ ក្នុងសួនរុក្ខជាតិអង្គរនេះមានសួនសម្រាប់កម្សាន្តជាច្រើនដូចជាសួនផ្កាស្មៅ សួនផ្កាចម្រុះ សួនគ្រឿងទេស សួនបន្លែ សួនអម្បូរត្នោត សួនព្រៃឈើ និងសួនសត្វព្រៃជាដើម។សម្រាប់ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះដែរកញ្ញារំពឹងថានឹងមានភ្ញៀវចូលកម្សាន្តសួន រុក្ខជាតិអង្គរមិនតិចជាង៤ពាន់នាក់ឡើយ ។
គួរបញ្ជាក់ថា ភ្ញៀវទេសចរដែលចូលកម្សាន្តនៅរុក្ខជាតិអង្គរត្រូវមានលក្ខខណ្ឌមួយគឺ ហាមភ្ញៀវយកប្លាស្ទិកចូល ព្រោះដើម្បីរួមចំណែកកាត់បន្ថយសំរាមប្លាស្ទិកនៅទីតាំងធម្មជាតិ។ក្រៅពីនេះក៏ហាមភ្ញៀវ ទេសចរយកសត្វចិញ្ចឹមចូល ព្រោះដើម្បីរក្សាសណ្ដាប់ធ្នាប់ និងរុក្ខជាតិនានាក្នុងសួន និងមានលក្ខខណ្ឌមួយចំនួនទៀតដូច ហាមបេះផ្កា ហាមជាន់ស្មៅជាដើម ។
សួមរំលឹកដែរថា សួន«រុក្ខជាតិអង្គរ»នេះត្រូវបានសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពី អំឡុង ខែឧសភា ឆ្នាំ២០២២ កន្លងមក ៕
ដោយ ៖ ម៉ាដេប៉ូ