កំពង់ឆ្នាំងសង្រ្កាន្តពីរថ្ងៃ មនុស្សភ្លូកទឹកភ្លូកដី
កំពង់ឆ្នាំង ៖ ក្នុងព្រឹត្តិការណ៍កំពង់ឆ្នាំងសង្ក្រាន្តឆ្នាំថ្មីត្រឹម រយៈពេលពីរថ្ងៃនៅកន្លែងប្រារព្ធពិធីនិងគោលដៅទេសចរណ៍ដទៃទៀតក្នុងខេត្តពោរពេញទៅដោយមនុស្សចូលរួមកម្សាន្តនិងទៅទស្សនា។មន្រ្តីជំនាញបានបង្ហាញតួលេខបឋមថា យ៉ាងហោចណាស់មានពលរដ្ឋក្នុងខេត្ត ភ្ញៀវមកពីខេត្តដទៃ និងភ្ញៀវបរទេស
ប្រមាណជាង១៣ម៉ឺននាក់ បានមកចូលសប្បាយចូលឆ្នាំថ្មីនៅខេត្តកំពង់ឆ្នាំង។
របាយការណ៍មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឳ្យដឹងថា គិតពីថ្ងៃទី១៣ និងថ្ងៃទី១៤ ខែមេសាព្រឹត្តិការណ៍កំពង់ឆ្នាំងសង្ក្រាន្តឆ្នាំថ្មី មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋដើរកម្សាន្តក្នុងខេត្តកំពង់ឆ្នាំងចំនួន១៣០ ៥២៧ នាក់ ។ក្នុងនោះ ទេសចរបរទេសមានចំនួន ១០៦នាក់ ។ចំនួននេះកើនឡើងថែមទៀត ខណៈសង្រ្កាន្តឆ្នាំថ្មីមានរយៈពេលបួនថ្ងៃ។
ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨នេះដែរ រដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពខេត្តបានយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀយនៅកន្លែងប្រារព្ធពិធី ក៏ដូចជាបណ្តារមណីយដ្ឋាននានាធ្វើយ៉ាងណាឳ្យភ្ញៀវដែលមកកម្សាន្តមានភាពកក់ក្តៅ និងសប្បាយរីករាយដោយពុំមានក្តីបារម្ភ ។
សូមជម្រាបថា រដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍កំពង់ឆ្នាំងសង្ក្រាន្តឆ្នាំ២០២៤រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ក្នុងព្រឹត្តិការណ៍នេះក៏មានកម្មវិធីជាច្រើនដូចជាកម្មវិធីតាំងបង្ហាញវត្ថុសិល្បៈនានា ការតាំងផលិតផល កម្មវិធីលេងល្បែងប្រជាប្រិយ ការរាំកម្សាន្តជាដើម៕
អត្ថបទ និងរូបភាពៈសុខ គឹមសៀន











