សម្ដេចតេជោ ហ៊ុន សែន ៖ សង្ក្រាន្តឆ្នាំ២០២៤ ពោរពេញដោយភាពសប្បាយរីករាយរបស់ពលរដ្ឋ
ភ្នំពេញ៖ សង្ក្រាន្ត ឆ្នាំ២០២៤ ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់ពលរដ្ឋ ។ នេះបើតាមសំណេររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមតេលេក្រាម នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់តាមបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម ថា ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្ត « សង្ក្រាន្ត » ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានបន្តថា កម្ពុជា មានសន្តិភាពពេញលេញ ទើបអាចមានព្រឹត្តការណ៍ទាំងនេះបាន ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ លេងកម្សាន្តផងដែរ ប្រកបដោយភាពសប្បាយរីករាយ និង មានទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួន ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់ ។
សូមជម្រាបថា យោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានបញ្ជាក់ថា គិតត្រឹមរយៈពេល ០៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤ កម្ពុជា ទទួលបានទេសចរជាតិប្រមាណ ១៣.២៧៧.៥៥៦ នាក់ និងទេសចរបរទេស ប្រមាណ ៨១.៧៤៥ នាក់ ៕
ដោយ ៖ វណ្ណលុក