ព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ ទទួលបានភ្ញៀវចូលរួមកម្សាន្តជាង ១០ម៉ឺននាក់

ខេត្តត្បូងឃ្មុំ៖ ព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ រៀបចំឡើងនៅឧទ្យានទន្លេស្ងួត រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាប់ទៅដោយបរិកាសសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ គ.ស២០២៤ ។

ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចំនួន ១០៥,០០០នាក់ អញ្ជើញមកពីគ្រប់ទិសទី មកកម្សាន្តសប្បាយព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៤នេះ ជាមួយកម្មវិធីសប្បាយជាច្រើន ដូចជាការលេងល្បែងប្រជាប្រិយខ្មែរ ពិធីសាសនា ការសំដែងសិល្បះបុរាណ ពិព័រណ៍សមិទ្ធផលមូលដ្ឋាន សួនផ្កាស្បៃរឿងចំនួន ១លានគុម្ព ការជិះទោងកម្សាន្ត ការប្រកួតកីឡាបាល់ទះ ការប្រគំតន្រ្តីសម័យនិងការរាំលេងកម្សាន្តក្រោមតំណក់ទឹកត្រជាក់ ។

អ្នកចូលរួមបានលើកឡើងថាសង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៤នេះ បានដំណើរការយ៉ាងអធឹកអធម ខុសប្លែកពីឆ្នាំមុនៗ ហើយជាពិសេសបានដំណើរការក្នុងតំបន់ឧទ្យានទន្លេស្ងួត ដែលជាតំបន់ធម្មជាតិនិងប្រវត្តិសាស្រ្ត មានទេសភាពស្រស់ស្អាត ខុសពិពេលមុនតំបន់នេះ មានភាពស្ងប់ស្ងាត់ មិនដែលមានមនុស្សច្រើនបានស្គាល់ ។ ប្រជាពលរដ្ឋ ប្រុស ស្រី ក្មេង ចាស់ បានសប្បាយរីករាយក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយសាមគ្គីភាព រស់នៅក្រោមម្លប់សន្តិភាព និងជាមួយសមិទ្ធផលថ្មីកើតមានលើទឹកដីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner