ស្ទឹងសង្កែ ធ្វើឳ្យរមណីយដ្ឋានធម្មជាតិក្នុងស្រុកចំនួនបីស្រូបភ្ញៀវទេសចរច្រើនក្នុងឳកាសបុណ្យចូលឆ្នាំថ្មី

បាត់ដំបងៈមកមើលខេត្តបាត់ដំបង ទោះបីមិនជាប់នឹងផ្ទៃសមុទ្រ ដូចបណ្តាខេត្តតារារះនៃទិសនិរតីដែលជាដែកឆក់ស្រូបយកភ្ញៀវរាល់ពិធីបុណ្យធំៗក៏ដោយ តែក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលទើបបញ្ចប់កាលពីថ្ងៃអង្គារម្សិលមិញនេះ បង្ហាញថា ខេត្តបាត់ដំបក៏ជាខេត្តទាក់ទាញដំណើរកម្សាន្ត មិនធម្មតាដែរ ដោយមានភ្ញៀវជាងមួយលាននាក់បានមកកាន់ខេត្តនេះ។តើដោយសារមូលហេតុអ្វីដែរ?នោះគឺការរៀបចំសង្រ្កាន្តបាត់ដំបង ,ការបង្កើតតំបន់ត្រជាក់ក្នុងក្រុង។ពិសេសរមណីយដ្ឋានធម្មជាតិនៃស្រុកចំនួនបី មានអំណោយផលពីទឹកស្ទឹងសង្កែដែលភ្ញៀវជាតិ អន្តរជាតិ មិនអាចមើលរំលងបាន ខណៈអាកាសធាតុក្តៅស្ទើរខ្លោចស្បែក។

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨គិតចាប់ ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៤នេះក្រៅពីតំបន់ត្រជាក់ចិត្តនៃសង្ក្រាន្តបាត់ដំបង ភ្ញៀវបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋានដែលស្ថិតជាប់មាត់ទឹកនៃដងស្ទឺងសង្កែផ្នែកខាងលើខេត្ត រួមមាន ស្រុកសំឡូត ,រតនមណ្ឌល និងស្រុកបាណន់ ។បណ្ដារមណីយដ្ឋាននៃស្រុកទាំងបី មានប្រជាប្រិយភាពខ្លាំងដោយកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ ច្រើនជាងឆ្នាំមុនៗ ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ទូរទស្សន៍អប្សរាថា រយៈពេលបីថ្ងៃនៅក្នុងឱកាសពិធីបុណ្យចូលថ្មីមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ជាង មួយលាននាក់ និងភ្ញៀវអន្តរជាតិជាងពីរពាន់នាក់បាន មក កម្សាន្ត សប្បាយ នៅក្នុង ព្រឹត្តិការណ៍ សង្រ្កាន្តបាត់ដំបង និង តាមបណ្ដារមណីយដ្ឋាននានា នៅទូទាំងខេត្ត បាត់ដំបង។

លោកបន្តថាតំបន់ដែលទាក់ទាញពេញនិយមរបស់ភ្ញៀវ មានដូចជា ទឹកធ្លាក់ចម្ការស្វាយ ,កំពង់ទូកមានជ័យ ក្នុងស្រុកសំឡូត។រមណីយដ្ឋានស្ទឹងក្រញូង,ចម្កាទុរេនអូរតង,វាលចម្បាំង,អូរទទា,ថ្វាក និងទំនប់ពហុបំណងសេកសកក្នុងស្រុករតនមណ្ឌល។ទំនប់កង្ហតនិងទំនប៎កំពីងពួយ ក្នុងស្រុកបាណន់ជាដើម។

គួរជម្រាបថា ស្ទឹងសង្កែខេត្តបាត់ដំបង គឺជាស្ទឹងប្រវត្តិសាស្ត្រដ៏ល្បីល្បាញ និងជា ប្រភពមេទឹកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ដល់ជីវភាពរស់នៅរបស់មនុស្សសត្វនិងធម្មជាតិក្នុងខេត្ត។ស្ទឹងសង្កែ បានផ្តល់នូវប្រភពទឹកយ៉ាងសំខាន់ដល់បណ្តាស្រុក-ក្រុងសម្រាប់ស្រូវរដូវប្រាំងនិងរដូវវស្សា ថែមទាំងផ្តល់នូវគុណប្រយោជន៍ក្នុងការរក្សាទឹកនិងស្តុកទឹកនៅផ្នែកខាងលើ ដូចជា ទំនប់ស្ទាក់ទឹកពហុបំណងសេកសក ក្នុងស្រុករតនមណ្ឌលនិងទំនប់កង្ហតក្នុងស្រុកបាណន់ជាដើម។ល។

ស្ទឹងសង្កែក៏ត្រូវបានកវីនិពន្ធស្ទើរតែគ្រប់ៗជំនាន់តែងតែរំលេចក្នុងការតែងនិពន្ធទំនុកច្រៀង រហូតមកដល់បច្ចុប្បន្ន។

យោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៤ រាជធានី ខេត្ត មានទេសចរផ្ទៃក្នុងនិងបរទេសធ្វើដំណើរ កម្សាន្តចំនួន ១៣ ២៧៧ ៥៥៦ នាក់ និងភ្ញៀវអន្តរជាតិ ៨១ ៧៤៥ នាក់៕

      (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)
ads banner