អាហ្សង់ទីនចាយ ៣០០លានដុល្លារ ទិញយន្តហោះចម្បាំង F-16 មួយទឹកពីដាណឺម៉ាក
ប៊ុយណូស៊ែ៖ ក្រសួងការពារជាតិដាណឺម៉ាក នៅថ្ងៃអង្គារនេះ បានបញ្ជាក់ថា ដាណឺម៉ាកកំពុងលក់យន្តហោះចម្បាំង F-16 ប្រើរួចចំនួន ២៤គ្រឿង ក្នុងតម្លៃប្រហែល ៣០០លានដុល្លារទៅឱ្យអាហ្សង់ទីន ខណៈដែលប្រទេស Nordic មួយនេះ កំពុងព្យាយាមពង្រឹងសមត្ថភាពកងទ័ពអាកាសរបស់ខ្លួន។
រដ្ឋាភិបាលដាណាម៉ាកបានបញ្ជាក់ថា ប្រទេសអាហ្សង់ទីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងការបញ្ជាទិញយន្តហោះចម្បាំង F-16 ចំនួន ២៤គ្រឿងពីប្រទេសដាណឺម៉ាក ក្នុងតម្លៃប្រហែល ៣០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកងទ័ពអាកាសរបស់ខ្លួន។ កិច្ចព្រមព្រៀងនេះដែរ ក៏រួមបញ្ចូលទាំងម៉ាស៊ីន គ្រឿងបន្លាស់ និងការហ្វឹកហាត់ផងដែរ។
ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei និងរដ្ឋមន្ត្រីការពារជាតិអាហ្សង់ទីន លោក Luis Petri បានប្រកាសពីការបញ្ជាទិញនេះ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម X។ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំរីករាយណាស់ដែលយន្តហោះ F-16 របស់ដាណឺម៉ាក ដែលបានបម្រើយើងយ៉ាងល្អក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយត្រូវបានថែរក្សាយ៉ាងល្អិតល្អន់ និងធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា ឥឡូវនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កងទ័ពអាកាសរបស់ប្រទេសអាហ្សង់ទីន។
រីឯក្រសួងការពារជាតិអាហ្សង់ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំង F-16 របស់ដាណឺម៉ាក ដ៏ទំនើប និងបំពាក់ដោយបច្ចេកវិទ្យាល្អបំផុត នឹងធ្វើជាឆ្អឹងខ្នងនៃប្រព័ន្ធការពារដែនអាកាសរបស់អាហ្សង់ទីន។
គួរបញ្ជាក់ថា ដាណឺម៉ាកកំពុងស្ថិតក្នុងដំណើរការធ្វើឱ្យប្រសើរឡើងនូវកងទ័ពអាកាសរបស់ខ្លួន ជាមួយនឹងការបំពាក់យន្តហោះចម្បាំង F-35 ដ៏ទំនើបជាងមុន និងមានយន្តហោះ F-16 ប្រហែល ៤០គ្រឿង ដែលក្នុងនោះប្រហែល ៣០គ្រឿងកំពុងដំណើរការ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា