លុយយេនជប៉ុន និងលុយវុនកូរ៉េ ចុះថោកខ្លាំង
សេអ៊ូល៖ ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបញ្ជាក់ថា កូរ៉េខាងត្បូង និងជប៉ុនកំពុងសហការជួយសង្ក្រោះរូបិយប័ណ្ណក្នុងស្រុករបស់ប្រទេសទាំងពីរដែលកំពុងសំយ៉ុងក្បាលធ្លាក់ចុះខ្លាំង បើធៀបនឹងប្រាក់ដុល្លារ។
ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានឱ្យដឹងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok និងសមភាគីជប៉ុន លោក Shunichi Suzuki គ្រោងធ្វើកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ នៅខាងក្រៅកិច្ចប្រជុំ G20។ លោករដ្ឋមន្រ្តីក៏បានបង្ហាញពីចេតនារបស់លោក ក្នុងការចាត់វិធានការសមស្រប ប្រឆាំងនឹងការប្រែប្រួលនេះផងដែរ។
គួរសម្គាល់ថា ទីផ្សារប្តូរប្រាក់បរទេសបានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន ប្រឆាំងនឹងអ៊ីស្រាអែល ជាការសងសឹក ក្រោយអ៊ីស្រាអែលវាយលុកលើស្ថានទូតអ៊ីរ៉ង់ប្រចាំរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី។
កូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ បានចេញការព្រមានដ៏កម្រមួយ ដោយនិយាយថា អាជ្ញាធរកំពុងត្រួតពិនិត្យដោយប្រុងប្រយ័ត្ន នូវចលនារូបិយប័ណ្ណ ខណៈប្រាក់វ៉ុនបានឈានដល់កម្រិតទាបបំផុត គឺ ១,៤០០វ៉ុនក្នុងមួយដុល្លារជាលើកដំបូងក្នុងរយៈពេល ១៧ខែ។
រីឯប្រាក់យ៉េន របស់ជប៉ុន ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានផងដែរ ក្នុងរយៈពេល ៣៤ឆ្នាំ បើធៀបនឹងប្រាក់ដុល្លារ។ ប្រាក់វ៉ុនបានធ្លាក់ចុះជាង ៧ភាគរយ និង ប្រាក់យ៉េនបានធ្លាក់ចុះជិត ៩ភាគរយ បើធៀបនឹងប្រាក់ដុល្លារក្នុងឆ្នាំ២០២៤ នេះបើយោងតាមប្រភពពីសារព័ត៌មាន Bloomberg៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា