ចូលឆ្នាំថ្មីរយៈពេលបួនថ្ងៃ៖ ទេសចរជាង២១លាននាក់ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស
ភ្នំពេញៈក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេលបួនថ្ងៃដែលទើបបញ្ចប់កាលពីថ្ងៃអង្គារកន្លងទៅនេះប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសបានធ្វើដំណើរកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសចំនួនជាង២១លាននាក់។ ក្នុងនោះទេសចរបរទេសជាង១១ ម៉ឺននាក់។
ក្រសួងទេសចរណ៍ ដោយផ្អែកលើរបាយការណ៍មន្ទីរទេសចរណ៍រាជធានី ខេត្តនៅរសៀលថ្ងៃពុធទី១៧ ខែមេសាបានឳ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវនឹងថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមាន :ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តសរុបប្រមាណ ២១.៧០ លាននាក់និងទេសចរបរទេស ប្រមាណ ១១ ម៉ឺននាក់។
ប្រភពដដែលបានរំលេចអំពីវត្តមាននៃដំណើរកម្សាន្តដ៏ច្រើនកុះករនេះថា បុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ដោយរយៈពេលពិធីបុណ្យមានដល់បួនថ្ងៃ ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិឆ្នាំ២០២៣ មានរយៈពេលត្រឹមតែបីថ្ងៃ ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ១៣,១៣ លាននាក់ប៉ុណ្ណោះ។
ប្រភពដដែលបន្ថែមថា ក្រៅពីនេះ គ្រប់រាជធានី ខេត្តមានការរៀបចំសង្រ្កានឆ្នាំថ្មី ដែលព្រឹត្តិការណ៍មួយនេះពិតជាមានការទាក់ទាញដល់បងប្អូនប្រជាពលរដ្ឋ។
ទន្ទឹមនេះក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តខាងលើមានតែប្រមាណ ៣០ភាគរយប៉ុណ្ណោះដែលបានស្នាក់នៅលើសពីមួយយប់ឡើងទៅ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ,ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា៕
ដោយៈ ចាន់ វិចិត្រ