សង្ក្រាន្តថៃបន្សល់ទុកសំរាម ៥ម៉ឺនតោននៅបាងកក

បាងកក៖ រដ្ឋបាលក្រុងបាងកកបានរាយការណ៍ កាលពីថ្ងៃអង្គារថា ពិធីបុណ្យចូលឆ្នាំថៃ ឬសង្ក្រាន្ត នៅក្រុងបាងកក បានបន្សល់ទុកកាកសំណល់ ចំនួន ៥១០០០តោន។ នេះបើតាមកាសែត The Nation។

ប្រភពបន្តថា សំរាមទាំងនេះ ត្រូវបានប្រមូល ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែមេសា ហើយបើធៀបនឹងបុណ្យសង្ក្រាន្តឆ្នាំមុន បានកើនឡើង ប្រហែល ១០០០តោន។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា រថយន្តដឹកទឹកជាច្រើនគ្រឿង និងមន្ត្រីជំនាញជាច្រើននាក់ ត្រូវបានដាក់ពង្រាយ ដើម្បីសម្អាតកន្លែងទេសចរណ៍នានា ដោយចាប់ផ្តើម តាំងពីម៉ោង៤ នៅព្រឹក ថ្ងៃអង្គារ។

មានទេសចរអន្តរជាតិជាង៩ម៉ឺននាក់បានចូលរួមពិធីបុណ្យសង្ក្រាន្ត ក្នុងក្រុងបាងកក ជាពិសេសនៅតំបន់ Ratchadamnoen Avenue និង Sanam Luang ចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែមេសា។ លោកស្រី Sudawan Wangsuphakitkoson រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាប្រាប់ថា បើសរុបទាំងទេសចរជាតិថៃ មានជិត ៨០ម៉ឺននាក់ នៅតំបន់ទាំងនោះ ហើយការចំណាយចាក់បញ្ជូលក្នុងចរន្តសេដ្ឋកិច្ច មានជិត៨០លានដុល្លារ និងចំណូលពន្ធ ចូលរដ្ឋ ជាង២០លានដុល្លារ៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner