មេធំ Apple ចង់វិនិយោគនៅឥណ្ឌូនេស៊ី
ហ្សាការតា៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook នៅថ្ងៃពុធនេះ បានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាកំពូលមួយនេះ កំពុងស្វែងរកវិធីវិនិយោគនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ និងធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ឆ្ងាយពីប្រទេសចិន។
បន្ទាប់ពីជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ក្នុងរដ្ឋធានីហ្សាការតា លោក Cook បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ឥណ្ឌូនេស៊ីគឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុន Apple។ យើងបានពិភាក្សាពីបំណងប្រាថ្នារបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលចង់ឃើញការផលិតផលិតផលរបស់ Apple នៅក្នុងប្រទេសគាត់ ហើយនោះជាអ្វីដែលយើងនឹងពិចារណា។
ដំណើរទស្សនកិច្ចនេះ កើតឡើងចំពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងស្វែងរកដៃគូពាណិជ្ជកម្មនៅអាស៊ី សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកល ដើម្បីកាត់បន្ថយការពឹងផ្អែករបស់អាមេរិកទៅលើប្រទេសចិន។
មិនមានការបញ្ជាក់លំអិតអំពីជំនួបនេះទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានឥណ្ឌូនេស៊ី លោក Budi Arie Setiadi កាលពីខែមុន បាននិយាយថា លោក វីដូដូ និងលោក Cook ទំនងជជែកពីការវិនិយោគថ្មីរបស់ Apple នៅឥណ្ឌូនេស៊ី រួមទាំងការបើករោងចក្រផលិតស្មាតហ្វូន ពីព្រោះប្រទេសនេះមានអ្នកប្រើប្រាស់ផលិតផលរបស់ Apple ជាច្រើន។
តួយ៉ាង ក្រុមហ៊ុន Apple បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងពង្រីកទីតាំងអភិវឌ្ឍន៍របស់ខ្លួននៅឥណ្ឌូនេស៊ីចំនួន ៤កន្លែង ក្នុងនោះទីតាំងថ្មីមួយស្ថិតនៅលើកោះបាលី។
ទោះបីជាយ៉ាងណា ប្រទេសឥណ្ឌូនេស៊ីដែលមានប្រជាជនវ័យក្មេង និងមានចំណេះដឹងផ្នែកបច្ចេកវិទ្យារហូតដល់ជាង ១០០លាននាក់ ដែលមានអាយុក្រោម ៣០ឆ្នាំ ដូច្នេះ Apple ត្រូវតែបង្កើនការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Android របស់ក្រុមហ៊ុន Google នេះបើយោងតាមស្ថិតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា